អាជ្ញាធរខេត្តចុះពិនិត្យគម្រោងកែលំអរសួនច្បារតាមឆ្នេរទន្លេក្រុងកំពង់ចាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2019 ក+ ក-

កំពង់ចាម ៖ ដើម្បី សិក្សាលម្អិតទៅលើវឌ្ឍនភាពគម្រោង ផ្អែកតាមមូលដ្ឋានបច្ចេកទេស កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នេះ លោក ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម៌ការ និងសាសនា និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា អមដំណើរដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធចុះពិនិត្យគម្រោងកែលំអរសួនច្បារ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ឆ្ពោះទៅដល់ចំណុចអតីតកំពង់សាឡាងចាស់ ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

គួរបញ្ជាក់ដែរថា ការកសាងគម្រោងកែលម្អសួនច្បារនេះ ធ្វើឡើង ដើម្បី រួមចំណែកការពារការបាក់ស្រុតច្រាំងទន្លេ និងជាផ្នែកមួយធ្វើឲ្យប្រសើរឡើងនូវសោភណ្ឌភាពក្រុង ឲ្យស្រស់បំព្រង ជាពិសេស ទុកជាទីកន្លែងសាធារណៈ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ដើរលំហែកាយ ហាត់ប្រាណ និងអង្គុយកំសាន្ត ជាដើម ។

ជាមួយនោះ អាជ្ញាធរ ក៏បានដាំផ្កា ស្មៅ ដើមឈើ និងក្រាលការ៉ូឡា ព្រមទាំង បំពាក់នូវភ្លើងលំអរ ដើម្បី ងាយស្រួល និងទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត នៅក្រុងកំពង់ចាម ផងដែរ ។

តាមប្រភពពីមន្ត្រីជំនាញប្លង់ ឲ្យដឹងថា គម្រោងនេះ មានប្រវែង ២៣២ម៉ែត្រ ទទឹង ៥៥ម៉ែត្រ និង២៣ម៉ែត្រ ។ មកដល់បច្ចុប្បន្ន គម្រោងសម្រេចការងារសាងសង់ បានប្រមាណ ១០០%ហើយ ។

នាឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងខាងលើ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើទៅដល់ក្រុមហ៊ុនទទួលការគម្រោង កែសម្រួលនូវចំណុចមួយចំនួន ដូចអ្វីដែលបាន ព្រមព្រៀង នៅក្នុងកិច្ចសន្យា ។

ជាមួយនោះ លោកអភិបាលខេត្ត ក៏បានស្នើសុំ លោក ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម៌ការ និងសាសនា ឲ្យជួយកសាងបន្ថែម នូវចំណុចដែលសេសសល់ ផ្នែកចំហៀងក្បែរអតីតកំពង់សាឡាងចាស់ បន្តទៀត ដើម្បី យើងត្រៀមនឹងដាក់សម្ពោធឲ្យប្រើប្រាស់ នាពេលខាងមុខ ផងដែរ ។

ជាការឆ្លើយតបទៅនឹងសំណើនេះ លោក ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម៌ការ និងសាសនា ក៏បានឲ្យមន្ត្រីជំនាញ នៃរដ្ឋបាលខេត្ត សិក្សាលម្អិតអំពីទំហំទីតាំង ដែលសេសសល់នោះ ដើម្បី លើកជាសំណើ ដាក់ជូនថ្នាក់លើបន្តទៀត ៕  ​ដោយ .៖  ប.សុផល