ភ្នំពេញ ៖ នៅដើមសប្តាហ៍នេះ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាផ្ទាល់ទៅកាន់អង្គភាពចំណុះក្រសួងការពារជាតិទាំងអស់ត្រូវប្រមូលទិន្នន័យមន្ត្រីក្នុងក្របខណ្ឌដែលមានងារជា «ឧកញ៉ា» ដើម្បីកំណត់ការជ្រើសរើសយកតួនាទីណាមួយក្នុងចំណោមតួនាទីទាំង ២។
ក្រសួងការពារជាតិ បានកំណត់អត្តសញ្ញាណអ្នកមានងារជាឧកញ៉ាចំនួន ៦១ នាក់ នៅក្នុងកងយោធពលខេមរភូមិន្ទ។ នៅក្នុងនោះមានមន្រ្តីជាន់ខ្ពស់ក្របខណ្ឌអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទចំនួន៤៥រូប ក្នុងចំណោម៦១រូប បានសម្រេចចិត្តបោះបង់ងារជាឧកញ៉ា ខណៈ១៦រូបទៀត បានងាកទៅជ្រើសរើសងារជា ឧកញ៉ា ដោយលាលែង ពីក្របខ័ណ្ឌយោធា។ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួង ការពារជាតិ បញ្ជាក់ថាតួលេខនេះមិនរាប់បញ្ចូលក្នុងក្របខ័ណ្ឌក្រសួងការពារជាតិទាំងមូលនោះទេ គឺគិតត្រឹមថ្នាក់អនុប្រធាននាយកដ្ឋានចុះក្រោម ក្នុងក្របខ័ណ្ឌអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទតែប៉ុណ្ណោះ។
ដោយឡែក នៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃវិញ ពេលនេះក្រសួងបានកំណត់អត្តសញ្ញាណមន្ត្រីនគរបាលចំនួន៣៣នាក់ហើយ ដែលមានងារជាឧកញ៉ា។ នេះបើតាម លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
យោងតាមតួលេខចេញផ្សាយជាសាធារណៈនាពេលកន្លងទៅបានឲ្យដឹងថា ចាប់ពីឆ្នាំ ១៩៩៤ រហូតមកត្រឹមខែកុម្ភៈ ឆ្នាំ ២០១៤ កម្ពុជាមានឧកញ៉ាចំនួន ៧០៤ នាក់ស្របពេលតាមច្បាប់ថ្មីបានចែងថា អ្នកដែលទទួលបានងារជាឧកញ៉ាគឺរាល់សប្បុរសជនណាដែលបានធ្វើអំណោយដល់រដ្ឋលើសពី ៥០ ម៉ឺនដុល្លារឡើងទៅនោះនឹងត្រូវបានរដ្ឋាភិបាលស្នើទៅកាន់ព្រះមហាក្សត្រសុំព្រះរាជទានងារជាឧកញ៉ា ហើយនៅពេលថ្មីៗនេះ រដ្ឋាភិបាលកំណត់បានអត្តសញ្ញាណឧកញ៉ាចំនួន ៦១ នាក់ ពីក្រសួងការពារជាតិ និង ៣៣នាក់ពីក្រសួងមហាផ្ទៃ។ ដែលនឹងតម្រូវឲ្យសាមីខ្លួនជ្រើសរើសងារណាមួយរវាងងារ ឧកញ៉ា និងជាមន្ត្រីយោធា។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាកាលពីពាក់កណ្តាលខែសីហាដោយបញ្ជាឲ្យមន្ត្រីកងកម្លាំងប្រដាប់អាវុធណាដែលមានងារជា «ឧកញ៉ា» ត្រូវជ្រើសរើសជាបន្ទាន់ថា តើត្រូវជ្រើសយកងារ «ឧកញ៉ា» ឬយកតួនាទីជាកងកម្លាំងប្រដាប់អាវុធដែលខ្លួនកំពុងបំពេញការងារតទៅទៀត៕