ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតក្រុមការងារមួយសម្រាប់រៀបចំចងក្រងឯកសារ ដើម្បីធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកជាថ្មីម្តងទៀត នាពេលខាងមុខ សំដៅរឹតបន្តឹងបន្ថែមលើអ្នកដែលប្រព្រឹត្តខុសច្បាប់។ នេះបើតាម លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ កាលពីពេលថ្មីៗនេះ។
លោក រដ្ឋមន្រ្តីស៊ុន ចាន់ថុល បានថ្លែងនៅក្នុងសន្តិសីទប្រចាំឆ្នាំលើកទី២ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ បានគូសបញ្ជាក់ថា បំណងនៃការធ្វើវិសោធនកម្មថ្មីលើច្បាប់ចាស់នេះ គឺផ្តោតសំខាន់លើពីរចំណុចធំៗ។ ទីមួយ គឺបន្ថែមទឹកប្រាក់នៃការផាកពិន័យឱ្យបានច្រើនជាងមុន ព្រោះថា ទឹកប្រាក់ផាកពិន័យដែលអនុវត្តបច្ចុប្បន្ន គឺនៅទាបខ្លាំងណាស់ បើប្រៀបធៀបនឹងប្រទេសដទៃ។ ចំណែក ទីពីរ វិញ គឺនឹងធ្វើការកែប្រែទៅលើបញ្ហារថយន្តកែច្នៃ រថ យន្តដឹកទំនិញលើសទម្ងន់កំណត់ និងរថយន្តខុសលក្ខណៈបច្ចេកទេសជាដើម។
បើ តាមលោកស៊ុន ចាន់ថុល គម្រោងកែច្បាប់នេះ គឺធ្វើឡើងក្នុងចេតនាល្អ ដើម្បីជំរុញឱ្យការអនុវត្តច្បាប់រឹតរឹងតែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ លោកក៏បានសង្កត់ធ្ងន់ថា ក្រុមការងារដែលទើបបង្កើតឡើង នឹងធ្វើការពិភាក្សាលម្អិតអំពីសេចក្តីព្រាងវិសោធនកម្មនេះ មុនបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជាពិនិត្យ និងអនុម័តនិង បញ្ជូនបន្តទៅកាន់រដ្ឋសភាជាតិ ដើម្បីធ្វើវិសោធនចេញច្បាប់ថ្មី។
សូមបញ្ជាក់ថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ ធ្លាប់បានធ្វើវិសោធនកម្មម្តងរួចមកហើយ កាលពីឆ្នាំ២០១៧ កន្លងទៅ។ កាលណោះ រដ្ឋាភិបាលកម្ពុជា បានសម្រេចកែប្រែលើមាត្រាមួយចំនួនទាក់ទងនឹង ការធ្វើបណ្ណបើកបរការកាត់ឈ្មោះយានយន្ត ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការពាក់ខ្សែក្រវាត់សម្រាប់អ្នកធ្វើដំណើរតាមរថយន្តជាដើម។ ការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរ ណ៍ផ្លូវគោកថ្មីនេះ គឺដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា៕