ខេត្តកណ្តាល ៖ ក្រោយពីធ្វើការពិភាក្សាគ្នារវាងក្រសួងសាធារណៈការនិងដឹកជញ្ជូនដែលមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយរដ្ឋបាលខេត្តកណ្តាល តំណាងដោយលោក ម៉ៅ ភិរុណ អភិបាលខេត្ត និងលោក ហ៊ឺ ផាវី នាយកកំពង់ផែស្វយ័តរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៩ កញ្ញា ២០១៩ នេះ គណៈកម្មការក៏បានឯកភាពគ្នា ប្រើកប៉ាល់ជាច្រើនគ្រឿងដើម្បីអូសរំកិលសាឡង់ដឹកខ្សាច់ដែលគាបជាប់ទម្រសសរស្ពានព្រែកតាមាក់ចេញ។ ប៉ុន្តែទោះជាព្យាយាមអូសយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចយកចេញបាន លុះវេលាម៉ោងប្រមាណ ៥ល្ងាចថ្ងៃដដែល ទើបសម្រេចផ្អាកនិងធ្វើការជជែកគ្នាសារជាថ្មី ថាហ្នឹងធ្វើការបូបខ្សាច់ចេញ និងធ្វើការវះបាតសាឡង់ដើម្បីបង្ហូរខ្សាច់ចោល ដើម្បីឱ្យសាឡង់ស្រាល ងាយស្រួលក្នុងការអូសចេញ ដើម្បីកុំឱ្យមានការប៉ះទង្គិចជាមួយសសរស្ពាន។ដោយសារយប់ងងឹតទៅហើយនោះ នៅវេលាម៉ោង ៧យប់ គណៈកម្មការក៏បានសម្រេចអនុវត្តផែនការបន្ទាប់នៅព្រឹកថ្ងៃទី១០ ខែកញ្ញា បន្តទៀត។
លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ដោយសារយប់ងងឹតទៅហើយនោះ ក្រុមការងារសម្រេចធ្វើការផ្អាកសកម្មភាពសិន រង់ចាំព្រឹកស្អែកទើបអនុវត្តផែនការបន្ទាប់ទៀត នឹងសង្ឃឹមថាអាចអូសចេញប្រកបដោយសុវត្ថិភាព ហើយការអូសនេះគឺមានការប្រុងប្រយ័ត្នណាស់ ព្រោះសាឡង់នោះ ផ្ទុកទម្ងន់ប្រមាណជាង៦០០តោនឯណោះ ហើយក្រៅពីមន្ត្រីជំនាញ និងអាជ្ញាធរ ម្ចាស់សាឡង់ ឈ្មោះ ង៉ូវ ចាន់ណា ក៏បានសហការណ៍ល្អជាមួយគណៈកម្មការ ហើយក៏សុខចិត្តយល់ព្រមទទួលខុសត្រូវទៅលើការខូចខាតទាំងអស់ដែរ ប្រសិនបើមាន។
គួរបញ្ជាក់ដែរថា ឧបទ្ទវហេតុសាឡង់ដឹកខ្សាច់បុកទើរលើទម្រសសរស្ពានព្រែកតាមាក់នេះ បានកើតឡើងកាលពីអំឡុងម៉ោង២រសៀលថ្ងៃទី០៨ កញ្ញា ២០១៩ កន្លងទៅ ហើយមកដល់ពេលនេះនៅមិនទាន់ ធ្វើការអូសចេញនៅឡើយនោះទេ ហើយមកដល់ពេលនេះក៏មិនទាន់អាចប៉ាន់ ប្រមាណថាប៉ះពាល់ឬមិនប៉ះពាល់ទៅដល់សសរ ស្ពាននោះដែរ៕