ភ្នំពេញ ៖ ដោយមើលឃើញថា មានទំនិញមួយចំនួន ដែលដាក់លក់នៅលើទីផ្សារ ក្នុងប្រទេសកម្ពុជា លួចលក់មិនមានច្បាប់អនុញ្ញា ឬ គ្មានការត្រួតពិនិត្យ គុណភាព និងសុវត្ថិភាពច្បាស់លាស់ ពិសេសទំនិញដាក់លក់តាមប្រព័ន្ធអនឡាញជាដើម ត្រូវបានក្រុមហ៊ុន ក្នុងស្រុកមួយ ធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់ មុនជ្រើសរើសផលិតផលមកប្រើប្រាស់ ត្រូវដឹងច្បាស់ពីព័ត៌មានលម្អិតជាមុនសិន ជៀសវាងក្រោយការប្រើប្រាស់បង្កឱ្យមានផលប៉ះពាល់ ដល់ សុខភាព។
លោកស្រី ចាន់ ភារី អគ្គនាយិកាក្រុមហ៊ុន គីណូ ឃ៊ែរ ខនស៊្យូមើរ ខេមបូឌា បានឱ្យដឹងថា សព្វថ្ងៃ បើសិនជាគ្មានតម្រូវការ ក៏គ្មានការផលិតដែរ ដូច្នេះទាមទារឲ្យអ្នកប្រើ ត្រូវគិតគូរឲ្យបានម៉ត់ចត់ មុននឹងសម្រេចចិត្តទិញផលិតផលណាមួយមកប្រើប្រាស់ ជាពិសេសផលិតផលបរិភោគ ផលិតផលថែរក្សាសម្ភស្ស សុខភាព និងបំប៉នកម្លាំងជាដើម។
លោកស្រីបានសំណូមពរដល់មន្រ្តីមានសមត្ថកិច្ច ធ្វើការសហការជាមួយ វិស័យឯកជន ឲ្យមានការចុះបញ្ជីឱ្យបានត្រឹមត្រូវ មានគុណភាព និងមានស្តង់ដារត្រឹមត្រូវ ដើម្បីចាត់វិធានការណ៍ ក្នុងការទប់ស្កាត់រាល់ផលិតផល ដែលនាំឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។
លោកស្រី ចាន់ ភារី លើកឡោះងដូចនេះ នៅក្នុងពិធីប្រកាសដំណើរការជាផ្លូវការ ការនាំចូលផ្តាច់មុខ នូវផលិតផលចំនួន៣ប្រភេទពីប្រទេសឥណ្ឌូនេស៊ី មកកាន់ទីផ្សាកម្ពុជា កាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា រវាង ក្រុមហ៊ុន គីណូ ឃ៊ែរ ខេមបូឌា និង ក្រុមហ៊ុន គីណូ អ៊ិនធើណេស្យុងណាស់(Kino International) នៅប្រទេសសឹង្ហបុរី។ ដែលផលិតផលទាំងនោះរួមមាន៖ ផលិតផលថែរក្សាសក់, ផលិតផលប្រើប្រាស់សំរាប់ទារក និងកុមារ និងអាហារបំប៉នខ្ញីទឹកឃ្មុំ ដែលជាផលិតផលផ្សំពីធម្មជាតិ តាមក្បួនខ្នាតបុរាណ សំរាប់ទ្រទ្រង់សុខភាព៕