បាត់ដំបង : សេចក្តីរាយការណ៍ជាបឋមពីស្ ខេត្តបាត់ដំបង បានឲ្យដឹងថា ៖ ជំនន់ទឹកភ្លៀង បានបង្កឲ្យមានការលិចលង់ នៅតាមបណ្តាឃុំចំនួន៣ ក្នុងស្រុកសំឡូត និងបង្កការលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណជា ៣០ខ្នងហើយស្ពានយោលឆ្លងស្ទឹងគ្រញូង ក៏ត្រូវបំផ្លាញខូចខាតទាំស្រុង ដោយសារ តែកម្លាំងជំនន់ទឹកភ្លៀងនៅតំបន់ស្រុកសំឡូតនេះ។
ប្រភពក៏បានឲ្យដឹងទៀតថា៖ ជំនន់ទឹកភ្លៀងដែលកំពុងតែគំរាមកំហែងដល់បណ្តាឃុំមួយចំនួននៅក្នុងស្រុកខាងលើនេះ បានកើតឡើងតាំងពីយប់ថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៦ កញ្ញានេះ គឺភ្លៀងនៅតែបន្តបង្អុរធ្លាក់ចុះមកមិនទាន់ថមថយនៅឡើទេ ហើយថែមទាំងបង្កនូវមហន្តរាយធ្វើឲ្យលិចលង់ភូមិករផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណជា ៣០ខ្នង ក្នុងភូមិសាស្ត្រឃុំចំនួន៣នៃស្រុកសំឡូត ខេត្តបាត់ដំបង រួមមាន៖ ឃុំតាសាញ បង្កការលិចលង់និងដាច់ស្ពាន, ឃុំស៊ុង ស្ថានភាពទឹកជំនន់បានជន់លិច ពីចំណុចតំបន់ភ្នំសំកុស រហូតដល់ស្ពានចម្លងរមាំង។
ដោយឡែក នៅឃុំតាតោកបានលិចលង់ធ្ងន់ធ្ងរជាងគេ បង្កឲ្យផ្ទះសម្បៃងនិងដំណាំចម្ការលិចលង់ ស្ទើរតែដល់ចុងឈើ។ ឯឃុំសំឡូត គឺគ្រាន់តែលិច នៅតាមដងផ្លូវ ធ្វើដំណើរប៉ុណ្ណោះ។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា នេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធន ធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា៖ ដោយសារតែស្ថានភាពមានភ្លៀងធ្លាក់ជោគជាំយ៉ាងខ្លាំងនៅស្រុកសំឡូត ចាប់តាំងពីយប់ថ្ងៃទី១៥-១៦ខែកញ្ញា នេះ នៅតែបន្តមានភ្លៀងធ្លាក់ខ្លាំង ដូចនេះមន្ទីរធនធានទឹកនិងឧតុនិយមខេត្ តបានទម្លាក់ទ្វារទំនប់ទឹកអាងពហុបំណងសេកសកទងស្រុង ដើម្បីបន្ធូរនិងសម្រួលដល់ចរន្តធារទឺកឲ្យហូរបានប្រសើរ និងចៀសវាងបង្កនូវហានិភ័យផ្សេងៗពីជំនន់ទឹកភ្លៀងដែលកំពុងតែបង្អុរធ្លាក់ឥតស្រាកស្រាន្តនេះ។
លោកប្រធានមន្ទីររូបនេះ ក៏បានថ្លែងអំពាវនាវដល់អាជ្ញាធរស្រុក-ក្រុង និងប្រជាពលរដ្ឋរស់នៅជាប់នឹងភូមិសាស្ត្រដងស្ទឺងសង្កែ សូមឲ្យមានការប្រុងប្រយ័ត្នពី ជំនន់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបងដែលអាចនិងកើតឡើងជាថ្មី ចាប់ពីល្ងាចថ្ងៃទី១៦កញ្ញា២០១៩ នេះតទៅ ឲ្យមានការប្រុងប្រយ័ត្នពីហានិភ័យនិងគ្រោះមហន្តរាយ និងការគ្រោះថ្នាក់ផ្សេងៗ បង្កឡើងដោយទឹកជំនន់នេះ ដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងកុំធ្វេសប្រហែសឲ្យសោះ៕ ( អត្ថបទ-រូបភាព៖ បប )