ស្ត្រីវ័យ២៨ឆ្នាំម្នាក់​បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ចោលកូនអាយុ៣ខែ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 September, 2019 ក+ ក-

ភ្នំពេញ ៖ គួរឲ្យអាសូរណាស់ កូនប្រុសអាយុទើបតែបាន៣ខែប៉ុណ្ណោះ ត្រូវកំព្រាម្តាយ ក្រោយពេលរថយន្តក្រុមហ៊ុនរបស់ស៊ីម៉ង់ត៍សញ្ញារូប អូដ្ឋ បានបុកអ្នកជិះម៉ូតូមួយគ្រួសារបណ្តាលអោយមានអ្នករងរបួសធ្ងន់ និងស្រាលកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំនុចមុខក្រុមហ៊ុនស្រាបៀកម្ពុជា តាមបណ្តោយផ្លូវ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួររំលឹកដែលថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តយីឌុប ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 5A-2821 បានបើកបុកអ្នកជិះម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HG 5411 ចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលអោយមានអ្នករងរបួសមួយគ្រួសារមានគ្នា៤នាក់ក្នុងនោះ ក៏មានទារកអាយុទើបតែ៣ខែម្នាក់ផងដែរ ភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ តែជាអកុសលស្រ្តីជាម្តាយរងរបួសក្បាលធ្ងន់ធ្ងរពេកគ្រូពេទ្យពុំអាចជួយសង្គ្រោះបាន បានស្លាប់នៅមន្ទីរពេទ្យក្នុងគ្រានោះទៅ។

សពស្ត្រីខាងលើមានឈ្មោះ ដាលី អាយុ២៨ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោបច្ចុប្បន្នក្រុមគ្រួសារបានដឹកយកមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់គាត់នៅខណ្ឌដង្កោ។

ចំណែកអ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល រីឯរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕