នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឲ្យលើកកំពស់សុខុមាលភាពមនុស្សចាស់តាមគ្រប់មធ្យោបាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 September, 2019 ក+ ក-

ភ្នំពេញ ៖ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវឲ្យក្រសួងសង្គមកិច្ច និងគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សវ័យចាស់បង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ ដើម្បីលើកស្ទួយសុខុមាលភាពមនុស្ស វ័យចាស់ឲ្យកាន់តែប្រសើរឡើង។ ការអំពាវនាវនេះធ្វើឡើងនៅក្នុងឱកាសអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ តុលា ២០១៩។

តាមរយៈសារលិខិតដើម្បីចូលរួមអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ តុលា ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកទិវា នេះថា ជាឱកាសក្នុងការរំលឹកដល់គុណូបការៈមនុស្សវ័យចាស់កម្ពុជា ដែលបានកសាង និងបន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់
ក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យក្រសួងសង្គមកិច្ច និងគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សវ័យចាស់បង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ឲ្យកាន់តែប្រសើរឡើង។

គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ នៅពេលចុះបំពេញការ ងារតាមមូលដ្ឋាន សូមឆ្លៀតសួរសុខទុក្ខនិងជួយឧបត្ថម្ភដល់ជនចាស់ជរា ជាពិសេសជនចាស់ជរាពិការ ដែលមានការលំបាកនៅក្នុងសហគមន៏។ សម្តេច ក៏អំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ជួយបង្កលក្ខណៈ ងាយស្រួលដល់សមាគមនមនុស្សចាស់កម្ពុជានៅតាមសហគមន៏មូលដ្ឋាន ដើម្បីបង្កើនស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមកផងដែរ។

បើតាមសម្តេច អំពើល្អនិងកាយវិការដ៏ល្អប្រពៃដែលខ្លួន បានធ្វើលើមនុស្ស ចាស់គឺប្រៀបបានទៅនឹងការជួយខ្លួនឯង ពីព្រោះកាយវិការដ៏ល្អដែលបានធ្វើនោះជាបានបន្សល់ទុកឲ្យជំនាន់ក្រោយបានរៀនសូត្រ និងត្រង់ត្រាប់តាមអ្វី បានធ្វើ។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើកគណៈកម្មការជាតិ កម្ពុជា ដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមនុស្សចាស់២០១៧-២០៣០ និងមានគម្រោងកម្មវិធីគាំទ្រផ្សេងទៀត សម្រាប់ជួយលើកកំពស់សុខុមាលភាពមនុស្សវ័យចាស់នៅកម្ពុជា។ កម្ពុជាក៏ ថែមទាំងបានចេញក្របខណ្ឌគោនយោបាយជាតិគាំពារសង្គម និងគោនយោបាយ ជាតិស្តីពីមនុស្សវ័យចាស់ផងដែរ។ ទន្ទឹមគ្នានេះ សមាគមមនុស្សចាស់ និងសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ដើម្បីថែ រក្សាឧត្តមប្រយោជន៏ និងគាំទ្រដល់ស្ថានភាពជីវភាពរស់នៅរបស់មនុស្សវ័យ ចាស់។ ក្រៅពីនេះ មនុស្សវ័យចាស់ត្រូវបានទទួលបានការឧបត្ថម្ភពីក្រសួង ស្ថាប័នដែលមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា សប្បុរសជននានា និងអង្គការមិនមែនរដ្ឋាភិបាល៕
លិខិតរបស់ក្រសួងសង្គមកិច្ច