ប្រធាន គ.ជ.ប.ទទួលជួបក្រុមប្រឹក្សាអ្នកដឹកនាំនយោបាយវ័យក្មេងមកពីសហរដ្ឋអាមេរិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 October, 2019 ក+ ក-

ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅរសៀលថ្ងៃទី០១ ខែតុលាឆ្នាំ ២០១៩នេះ បានអនុញ្ញាតិឱ្យគណៈប្រតិភូក្រុមប្រឹក្សាអ្នកដឹកនាំនយោបាយវ័យក្មេង មកពីសហរដ្ឋអាមេរិកហៅកាត់ថា (ACYPL) ចូលជួបសវនាការ ដើម្បីស្វែងយល់ពីតួនាទីរបស់ គ.ជ.ប នីតិវិធី និងដំណើរការបោះឆ្នោត នៅកម្ពុជា នាទីស្តីការ គ.ជ.ប.។

បើតាម លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្ស គ.ជ.ប. បានឱ្យដឹងនៅក្រោយជំនួបសវនាការនោះថា ឯកឧត្តម ស៊ិក ប៊ុនហុក បានជម្រាបប្រតិភូអំពីស្ថាប័ន គ.ជ.ប.ដែលជាស្ថាប័នឯករាជ្យ មិនចំណុះឱ្យបុគ្គលណានោះទេ ស្ថាប័នមួយនេះ បង្កើតឡើងបានចំនួន២២ឆ្នាំមកហើយ មានអាណត្តិ៥ឆ្នាំ ព្រមទាំងបានដំណើរការបោះឆ្នោតទាំង សកល និងអសកលបានចំនួន១៦លើករួចមកហើយ។បន្ថែមពីនេះ ឯកឧត្តមក៏បានជម្រាបអំពីស្ថានភាពនិងសភាពការណ៍ពិតនៅកម្ពុជា ក្នុងរបបខ្មែរក្រហម ដែលបានបំផ្លិចបំផ្លាញប្រទេសទាំងស្រុង គ្មានសល់អ្វី ហើយបានចាប់ផ្តើមកសាងប្រទេសឡើងវិញចាប់ពីចំណុចសូន្យ រហូតមានអ្វីៗសព្វថ្ងៃនេះ។

ក្រៅពីពន្យល់ពីសភាពការណ៍ការពិតនៅកម្ពុជា ឯកឧត្តមប្រធានគ.ជ.ប.ក៏បានបញ្ជាក់ផងដែរ ថា ប្រទេសប្រជាធិបតេយ្យ ត្រូវតែផ្តល់ព័ត៌មានដោយប្រសិទ្ធភាពទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចំណែកគ.ជ.ប. គឺត្រូវតែមានចរិក វិជ្ជាជីវៈ តម្លាភាព ក្នុងការបំពេញភារកិច្ច ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ នឹងឈលើគោលការណ៍សំខាន់ៗ គឺ សាកល សេរី សំងាត់ និងការបោះឆ្នោត ដោយផ្ទាល់។

លោកប្រធាន គ.ជ.ប. មានសុទិដ្ឋិនិយមថា ឆ្លងតាមកិច្ចពិភាក្សាគ្នា រវាង គ.ជ.ប. និង ក្រុមប្រឹក្សា ACYP នឹងមានប្រទេសជាច្រើនទៀត នៅលើពិភពលោក បានដឹងពីការពិតកាន់តែច្រើនថែមទៀតពីកម្ពុជា។

សូមបញ្ជាក់ថា ក្រុមប្រឹក្សា ACYP គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលរៀបចំកម្មវិធីផ្លាស់ប្តូរ សម្រាប់អ្នកដឹកនាំនយោបាយ ដែលមានអាយុក្រោម៤០ឆ្នាំ ឱ្យទទួលបានបទពិសោធន៍ទាក់ទងនឹងបរិយាកាសនយោបាយ នៃបណ្តាប្រទេសផ្សេងទៀត។ ប្រតិភូនេះ មានសមាជិកចំនួន ៧រូប ដឹកនាំដោយលោក ប៊ិន ស្រ្តាមែន អ្នកជំនាញជាន់ខ្ពស់ផ្នែក អភិវឌ្ឍសេដ្ឋកិច្ច កិច្ចការប្រតិបត្តិធនធានធម្មជាតិ ការដឹកជញ្ជូន និងការអប់រំ ក្នុងនោះមានសមាជិក ៣រូប មកពីគណបក្សប្រជាធិបតេយ្យ និង៤រូបទៀត មកពីគណបក្សសាធារណរដ្ឋ៕