ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនល្មើសម្នាក់ដែលជាប់ពាក់ព័ន្ធ ការលួចខោអាវក្នុងរោងចក្រ រ៉ូស៊ីងហ្គាមេន ជាង២ម៉ឺនកំប្លេគិតជាទឹកប្រាក់ប្រមាណ ១ លានដុល្លារអាមេរិក។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ រួមនិងបក្ខពួកផ្សេងទៀតដែលជាសន្ដិសុខយាមនៅរោងចក្របានដាក់ថ្នាំសណ្ដំឱ្យសន្ដិសុខផ្សេងទៀតដេកលង់លក់លួចយកខោខូវប៊យ ម៉ាក H&M ចំនួន ២៥.០០០ ខោ ចេញពីក្រុមហ៊ុន EPS ដែលមានទីតាំងស្ថិត នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានលួចខោខូវប៊យ ចំនួន ២៥.០០០ ខោ និងម៉ូតូ១គ្រឿង ដឹក២រថយន្ត ហើយគេចខ្លួនបាត់ បន្ទាប់ពីទិញកាហ្វេ ដាក់ថ្នាំសណ្តំ ឲ្យសន្តិសុខចំនួន៦នាក់ផឹក បណ្តាលឲ្យដួលសន្លប់ ទាំងអស់គ្នា កាលពីម៉ោង ១:៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ នៅទីតាំងរោងចក្រ រ៉ូស៊ីង ស្ថិតនៅផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
លុះមកដល់ម៉ោង ៦ ល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ សមត្ថកិច្ចបានឃាត់បុរសម្នាក់ឈ្មោះ ផៃ សុធី អាយុ៤២ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលផ្លូវសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក មុខរបរជាកម្មកររោងច្រកខោអាវ នៅផ្ទះលេខ១០សេ ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ជាទីតាំងស្ដុក ខោខូវប៊យ ហើយបានឆែកឆេររកឃើញខោខូវប៊យ ចំនួន៦បេ ។
ជនសង្ស័យត្រូវបានឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នដើម្បីរង់ចាំការស៊ើបអង្កេតរកគូកនមួយចំនួនទៀត ដែលគេចខ្លួន។
ជនសង្ស័យដែលត្រូវតុលាការសម្រេចឃុំខ្លួន