បរទេស ៖ ប្រធានធនាគារកណ្តាលអឺរ៉ុប លោក ម៉ារីអូ ដ្រាហ្គី បានអំពាវនាវ អោយមានការជំរុញសារពើពន្ធនៅទូទាំងតំបន់ចាយប្រាក់អឺរ៉ូ ក្នុងគោលបំណងជំរុញការវិនិយោគ ដោយនិយាយថា ជំហានចុងក្រោយនៅក្នុងទិសដៅនេះ គឺមិនគ្រប់គ្រាន់ទេ។
លោក ដ្រាហ្គី ដែលនឹងត្រូវជំនួសតំណែង លោកស្រី គ្រីស្ទីន ឡាហ្គាដ នៅខែក្រោយនេះ កំពុងពង្រឹងការអំពាវនាវរបស់លោកចំពោះរដ្ឋាភិបាលតំបន់ចាយប្រាក់អឺរ៉ូ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្លុកនេះ ឱ្យផុតពីភាពតានតឹង ដោយបំពេញបន្ថែមគោលនយោបាយងាយស្រួល បំផុតរបស់ធនាគារ។
លោក បានថ្លែងនៅទីក្រុងអាតែនថា ការឆ្លើយតបដែលមានប្រសិទ្ធភាពបំផុត នឹងជាការជំរុញទឹកចិត្ត ដែលជំរុញដោយការវិនិយោគនៅកម្រិតតំបន់ចាយប្រាក់អឺរ៉ូ។
រដ្ឋមន្រ្តីហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ មិនមានគម្រោងចំណាយរួមគ្នាទេ ប៉ុន្តែពួកគេបាននិយាយកាលពីខែមុនថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសកម្មភាព ប្រសិនបើសេដ្ឋ កិច្ចប្រែជាធ្លាក់ជាងនេះ។ ទន្ទឹមនឹងនេះ លោក ដ្រាហ្គី បានកោតសរសើរថវិកាតំបន់ចាយ ប្រាក់អឺរ៉ូ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២១ ថាជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែលោកបានបន្ថែមទៀតថា វាមិនគ្រប់គ្រាន់ទេ ទាក់ទងនឹងទំហំ ឬការរៀបចំ ថវិកាទាំងនោះ។
លោកបន្តថា ការវិនិយោគជាសាធារណៈនៅថ្នាក់ជាតិ ក៏នឹងជួយក្នុងការជុំរុញ សេដ្ឋកិច្ច ផងដែរ។ ដោយលើកឡើងពីការសិក្សារបស់ធនាគារ លោកដ្រាហ្គី បានលើកឡើងថា ការបង្កើនការវិនិយោគសាធារណៈដែលមានផលិតភាពនៅប្រទេសអាឡឺម៉ង់ ត្រឹម ១% ក្នុងរយៈពេល ៥ ឆ្នាំ អាចជំរុញសេដ្ឋកិច្ចបានដល់ទៅ ២% ហើយការវិនិយោគឯកជនកើនឡើងដល់ ២% ៕