ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ ប្រទេសអារ៉ាប៊ីសាអូឌីត តែងបានផ្តល់អាហារូបករណ៍ឱ្យដល់និស្សិតកម្ពុជាជាច្រើនកន្លែងដើម្បីទៅសិក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយថាសម្រាប់ឆ្នាំខាងមុខអារ៉ាប៊ីសាអូឌីតនឹងបន្ថែមចំនួនអាហារូប ករណ៍ជាច្រើនកន្លែងទៀតដល់និស្សិតកម្ពុជា ដែលការផ្តល់អាហារូបករណ៍នេះធ្វើឡើងមិនមែនតែសម្រាប់និស្សិត ដែលកាន់សាសនាឥស្លាមនោះទេ អ្នកកាន់សាសនាដទៃទៀតក៏អាចដាក់ពាក្យស្នើសុំអាហារូបករណ៍នេះបានដូចគ្នា នេះជាការបញ្ជាក់ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ពីលោកឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា នាជំនួបសម្តែងការគួរសមនៅវិមានរដ្ឋសភាព្រឹកថ្ងៃទី៣ តុលានេះ។
ជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភាកម្ពុជាបានថ្លែងអំណរគុណចំពោះគម្រោងការនៃការបន្ថែមចំនួនអាហារូបករណ៍ដល់នស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត។ ជាមួយគ្នានេះ សម្តេចពញាចក្រី ហេង សំរិន មានប្រសាសន៍ថា ប្រទេសទំាងពីរ កម្ពុជា-អារ៉ាប៊ីសាអូឌីត បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាទើប តែជិត១០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរ ត្រូវលើក កម្ពស់គួរអោយកត់សំគាល់។
សម្តេចបានបន្តទៀតថា វត្តមាននៃបេសកកម្មរបស់លោក Saud F.M. Al Suwelim ជាឯកអគ្គរាជទូត ប្រចាំនៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលនឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ អោយកាន់តែបានប្រសើរខ្លាំងក្លាថែមទៀត ហើយក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង ប្រទេសទំាងពីរ កម្ពុជា-អារ៉ាប៊ីសាអូឌីត ដោយបានបង្កើតនូវកិច្ចព្រមព្រៀងជាមួយគ្នាមួយចំនួន ជាពិសេសការគាំទ្រ គ្នាទៅវិញ ទៅមកនៅក្នុងវេទិកាអង្គការសហប្រជាជាតិ ដែលកិច្ចសហប្រតិបត្តិការទំាងនេះបានរួមចំណែកយ៉ាង សំខាន់ដល់ការថែរក្សាស្ថិរភាព សន្តិសុខ សន្តិភាព និងការអភិវឌ្ឍទំាងក្នុងតំបន់ និងសកលលោកផងដែរ។
លោក Saud F.M. Al Suwelim ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជាមានប្រសាសន៍ជម្រាប ជូនសម្តេចប្រធានរដ្ឋសភាកម្ពុជាថា អារ៉ាប៊ីសាអូឌីតប្រាថ្នាចង់ឃើញនូវការរីកចំរើននៃទំនាក់ទំនងរវាងប្រទេសទាំង ពីរ កម្ពុជា-អារ៉ាប៊ីសាអូឌីត នៅលើវិស័យការទូត នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជា ពហុវិស័យផ្សេងៗទៀតផងដែរ៕