តុលាការប្រកាសបន្តស៊ើបអង្កេតបន្ថែមលើសំណុំរឿងអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2019 ក+ ក-

ភ្នំពេញ ៖ តុលាការបានប្រកាសសាលក្រមចាត់របៀបដើម្បីបន្តស៊ើបអង្កេតបន្ថែមទៀតលើសំណុំរឿង របស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២រូប ដោយអះអាងថា ជាសំណុំរឿងស្មុគស្មាញ និងពុំទាន់បានស៊ើបអង្កេតច្បាស់លាស់នោះឡើយ។នេះបើតាមសេចក្តីប្រកាសសាលក្រមចាត់របៀប ដែលចេញដោយ លោក អ៊ឹម វណ្ណៈ ជាប្រធានក្រុមប្រឹក្សាចៅក្រម ជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នេះ ។

សូមជម្រាបថា លោក ពេជ្រ វិជ្ជាធរ ត្រូវបានចាត់តាំងធ្វើជាចៅក្រមស៊ើបសួរលើសំណុំរឿងរបស់លោក អួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា អតីតបុគ្គលិក របស់វិទ្យុអាស៊ីសេរី (RFA) ក្រោមបទចោទប្រកាន់ពីបទ ប្រគល់ឲ្យរដ្ឋបរទេស នូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការ ការពារជាតិ យោងតាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ និងបទ ផលិតវីដេអូអាសអាភាសច្បាប់ យោងតាមមាត្រា ៣៩ នៃច្បាប់ស្តីពី ការ បង្រ្កាប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នេះសារជាថ្មី។

សូមរំលឹកថា លោក អួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា អតីតបុគ្គលិក របស់វិទ្យុអាស៊ីសេរី (RFA) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងបន្ទប់សណ្ឋាគារ ម៉ារឌី ស្ថិតនៅក្បែរស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយអ្នកទាំង២ ត្រូវតុលាការចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ម.១. កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ជនជាប់ចោទទាំង ២នាក់ ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ៕