ខេត្តកំពង់ចាម ៖ អភិបាលនៃ គណៈ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកទឹកចិត្តដល់ក្មួយៗដែលជា កុមារកំព្រាទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹងយកទៅកសាងអនាគត របស់ខ្លួន ហើយក៏ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនផងដែរការក្រើន រំលឹកនេះលោកបានធ្វើឡើងក្នុងឱកាសជួបសាកសួរសុខទុក្ខ ដល់បុគ្គលិក ម៉ែដោះ និងពិនិត្យស្ថានភាពរស់នៅរបស់កុមារ កំព្រានៅ មជ្ឈមណ្ឌលកុមារកំព្រា និងមណ្ឌលសំចតខេត្ត កំពង់ចាម នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។
គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ស្ថិតក្នុងការគ្រប់គ្រងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ហើយកន្លងមកទាំងអាជ្ញាធរខេត្ត ពិសេសរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខមាលភាពកុមារកំព្រាគ្រប់ទីកន្លែង បូករួមទាំងនៅក្នុងខេត្តកំពង់ចាមនេះផងដែរ។ ជាមួយគ្នានោះ មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម មានកុមារក្នុងមណ្ឌលសរុប៦៤នាក់ នៅក្នុងឆ្នាំ២០១៩ នេះ កុមារចំនួន ៥នាក់ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ផងដែរ ។
ដោយឡែក មន្ត្រីក្របខណ្ឌ និងបុគ្គលិកកិច្ចសន្យា១១នាក់ ដែលកំពុងអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំរបស់មណ្ឌល លទ្ធផលសម្រេចបាន ៖ សេវាគាំទ្រការបង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម ប្រជុំមេដោះ០២សប្តាហ៏ម្តង និង១ខែម្តងក្នុងការមើលថែទាំកុមារ ម្ហូបអាហារ សំលៀកបំពាក់ អនាម័យ និងតាមដានការសិក្សារបស់កូនៗតាមបន្ទប់ ប្រជុំកុមារ ១ខែម្តង អំពីវិន័យ ការគោរពបទបញ្ជាផ្ទៃក្នុងមណ្ឌល ស្តាប់ដំបូន្មានមេដោះ គោរពចាស់ទុំ ចេះស្រលាញ់គ្នា ចេះជួយគ្នាទៅវិញទៅមក ជាសពិសេសជំរុញការសិក្សាឱ្យកុមារខិតខំរៀនសូត្រ មេដោះនាំកុមារដាំដំណាំ (ស្រូវ ស្ពៃខៀវ ត្រកួន ពោត ចិញ្ចឹមមាន់ ទា និងត្រី) បច្ចុប្បន្នមណ្ឌល ខ្វះសំលៀកបំពាក់ និងសំភារះសិក្ស ដោយ អង្គការកុមារអាស៊ីអាស្តេបានផ្តាច់ជំនួយឈប់ជួយចិញ្ចឹមកុមារ ដូច្នេះមណ្ឌលជួបការខ្វះខាតអង្ករ (១តោន ក្នុងមួយខែ) មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម នឹងបន្តអនុវត្តសកម្មភាពដូចជា ប្រជុំមេដោះ និងកុមារ ដាំដំណាំបន្លែបន្ថែមទៀត ព្រមទាំងខិតខំរកសប្បុរសជនមកជួយផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានសម្រេចផ្ដល់អង្ករចំនួន ១តោនក្នុង១ខែ សម្រាប់ផ្គត់ផ្គង់ការ រស់នៅរបស់កុមារកំព្រា ក្នុងមណ្ឌលនេះផងដែរ ៕ ដោយ ៖ ប៉ែន សុផល