អាជ្ញាធរ​ភ្នំពេញ ពិភាក្សា​គម្រោង​វិនិយោគទុន​ចិន សង់​អគារ​ភ្លោះ​កម្ពស់​ជាង ៥០០ ម៉ែត្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2015 ក+ ក-

​ភ្នំពេញ​: គម្រោង​វិនិយោគ​អគារ​ភ្លោះ​កម្ពស់​៥០០​ម៉ែត្រ មាន​១១១​ជាន់ តម្លៃ​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​នឹងត្រូវ​សាងសង់ឡើង​នាពេល​អនាគត​ចំ​កណ្តាល​ក្រុងភ្នំពេញ ត្រូវបាន​រដ្ឋបាល​ក្រុងភ្នំពេញ​បើក​កិច្ចពិភាក្សា​លម្អិត​មុនពេល​លើកសំណើ​នេះ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​អនុម័ត​។​

​នៅ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​៣០ មិថុនា នេះ អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស បានលើកឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​អចល​ទ្រព្យ​មកពី​ក្រុមហ៊ុន​ធំៗ​ចំនួន ៣ សាលាក្រុង​នឹង​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ព​ន្លឿ​ន​ការសិក្សា​ឲ្យ​បាន​ល្អិតល្អន់​លើ​គំរូ ស្ថាបនា​អគារ​កំពស់ ១១១ ជាន់ ស្មើនឹង ៥០០ ម៉ែត្រ មុននឹង​លើកសំណើរ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល សម្រេច និង​អនុម័ត​។

​លោក​អភិបាល​បន្តថា គម្រោង​ស្ថាបនា​អគារ​ដ៏​ខ្ពស់​មួយ​នេះ បន្ទាប់ពី​ក្រុមហ៊ុន​វិនិយោគ​អចល​ទ្រព្យ​មកពី​ក្រុមហ៊ុន​ធំៗ​ចំនួន ៣ មកពី​ប្រទេស​ចិន រួមមាន ម៉ា​កាវ ហុងកុង និង​ចិន ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ថៃ​ប៊ុន​រ៉ុង នៅ​ប្រទេស​កម្ពុជា ស្នើសុំ​សាលា​រាជធានី​ភ្នំពេញ ចង់​សាងសង់​អគារ​លំដាប់ថ្នាក់​ពិភពលោក ជា​លើកដំបូង នៅ​រាជធានី​ភ្នំពេញ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា គម្រោង​សាងសង់​អគារ ដែល​បានលើកឡើង​នេះ ជា​គំរោង​ដ៏​ធំ​អស្ចារ្យ​មួយ ដោយ​មិន​ត្រឹមតែ​សម្រាប់​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា និង​ក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ​ទេ គឺ​វា​មាន​កំពស់​ខ្ពស់​ជាងគេ នៅក្នុង​តំបន់​អាស៊ី​ទៅទៀត​។

​លោក បន្ថែមថា ទោះបី​គម្រោង​នេះ ល្អ​យ៉ាងណាក៏ដោយ អាជ្ញាធរ​ត្រូវ​ពិនិត្យ និង​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​ជាមុនសិន ដូចជា កម្ពស់​អាគារ និង​ទីតាំង ដោយសារតែ​រាជធានី​ភ្នំពេញ ត្រូវបាន​កំណត់ មាន​តំបន់​បរិវេណ​ប្រវត្តិសាស្ត្រ ដែល​ត្រូវ​កម្រិត​កំពស់​អាគារ និង​តំបន់​ទីប្រជុំជន​មាន​មនុស្ស​រស់នៅ​ស្មុគស្មាញ​។ ដោយឡែក សម្រាប់​តំបន់​ថ្មី ពិសេស​ភាគ​ខាងជើង និង​ខាងកើត​រាជធានី​ភ្នំពេញ មិនសូវមាន​បញ្ហា​ប៉ុន្មាន​ទេ​។​

​លោក Ng Lap seng Sun តំណាង​សម្ព័ន្ធ​ក្រុមហ៊ុន Kia nip Group មកពី​ប្រទេស​ចិន បាន​ឲ្យ​ដឹងថា គម្រោង​មួយ​នេះ ត្រូវបាន​រចនា​ម៉ូត​យ៉ាង​ល្អ​ប្រណិត ជាមួយនឹង​គម្រោង​សំណង់​អគារ​ខ្ពស់​ចំនួន ១០ ទៀត ដោយមាន​ទាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សេដ្ឋកិច្ច ទាំង​ក្នុង​តំបន់ និង​នៅលើ​ពិភពលោក មជ្ឈមណ្ឌល​វប្បធម៌ ចម្រុះ​ជាតិ​សាស្ត្រ និង​ការិយាល័យ​ទំនាក់ទំនង​ក្នុង​តំបន់​អាស៊ាន​។

​លោក​បាន​អះអាងថា នៅពេលដែល​គម្រោង​មួយ​បាន​ស្ថាបនា​រួច​នោះ នឹងធ្វើ​រាជធានី​ភ្នំពេញ កាន់​តែមាន​សក្តានុពល​ខាង​ផ្នែក​វិនិយោគ លើ​គ្រប់​វិស័យ​មកពី​បរទេស ដែល​បាន​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ទៀតផង ព្រោះ​គម្រោង​នេះ បាន​សាងសង់ឡើង​ដោយ​ផ្អែកលើ​ស្ថេរភាព​នយោបាយ​នៅ​កម្ពុជា មានដំណើរ​ការល្អ​មិន​ធ្វើ​ឲ្យ​វិនិយោគិន​ព្រួយបារម្ភ​ពី​សន្តិសុខ សុវត្ថិភាព ម្យ៉ាងវិញទៀត​កម្ពុជា ពុំដែល​ជួប​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ​ធ្ងន់ធ្ងរ​នោះឡើយ​។​

​លោក Ng Lap seng Sun បាន​បញ្ជាក់ថា “​គម្រោង​នេះ ដំណើរ​ទៅបាន ទាល់តែ​មានការ​ជំរុញ និង​គាំទ្រ យ៉ាង​ពេញទំហឹង ពី​សាលា​រាជធានី​ភ្នំពេញ​”​។​

​សូមបញ្ជាក់ថា តាម​គំរូ​ប្លង់​អគារ​ភ្លោះ​ដ៏​ស្កឹមស្កៃ​មួយ​នេះ គ្រោង​នឹង​ស្ថាបនា​ឡើង​នៅក្បែរ​នឹង​មាត់ទន្លេ នឹង​ចំណាយ​ទុន​ស្ថាបនា​រហូតដល់​ជាង ៣ ពាន់​លាន​ដុល្លារ ដោយ​រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​សួនច្បារ​សាធារណៈ​ល្អ​ស្អាត ដូច​ប្រទេស​ជឿនលឿន​លើ​ពិភពលោក​៕

mkjnm