រាជរដ្ឋាភិបាលបញ្ចេញស្រូវពូជចែកជូនកសិករធ្វើការដាំដុះឡើងវិញនៅក្រោយរដូវទឹកជំនន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 October, 2019 ក+ ក-

ភ្នំពេញ ៖ ឆ្លើយតបចំពោះនឹងការបំផ្លេចបំផ្លាញដោយទឹកជំនន់ នេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញស្រូវពូជជាច្រើនតោនដើម្បីចែកជូនកសិករសម្រាប់ការស្តារឡើងវិញ នូវដំណាំស្រូវ ដើម្បីបញ្ចៀសការខ្វះខាតស្បៀងនាពេលខាងមុខ។

នាព្រឹកថ្ងៃទី៧ តុលានេះ លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្ម ពិសេស អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវ បាននាំយកពូជស្រូវនេះទៅ ចែកជូនដល់បងប្អូនប្រជាកសិករប្រមាណ ១០៧២គ្រួសារ មកពីឃុំចំនួន៧ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយ ក្នុងឱកាសនេះឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា គ្រោះទឹកជំនន់កន្លងមកនេះបានបំផ្លិចបំផ្លាញនូវ ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិ អាយុជីវិតមនុស្ស សត្វ និងផលដំណាំមួយចំនួននៅទូទាំងប្រទេស ក្នុង នោះក៏មានដំណាំស្រូវដែលជាស្បៀងដ៏សំខាន់បំផុតរបស់យើងផងដែរ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាបាន សម្រេចបញ្ចេញពូជស្រូវដែលបានសម្រិតសម្រាំងយ៉ាងពិសេសដោយក្រសួងកសិកម្ម ដើម្បីចែកជូនកសិករដែលត្រូវ ស្តារឡើងវិញលើដំណាំស្រូវសរុបចំនួន ២០៥៥គ្រួសារ ក្នុងនោះមានស្រុកក្រូចឆ្មារចំនួន ១០៧២គ្រួសារ ស្រុកត្បូង ឃ្មុំចំនួន ២៨៥គ្រួសារ ស្រុកអូររាំងឳចំនួន ៥៣០គ្រួសារ និងស្រុកតំបែរចំនួន ១៦៨គ្រួសារ នេះបើនិយាយសម្រាប់ ខេត្តត្បូងឃ្មុំ ហើយក៏នៅមានខេត្តមួយចំនួនទៀតដែលរាជរដ្ឋាភិបាលត្រូវផ្តល់ស្រូវពូជនេះផងដែរ។

បើតាមលោក គន់ សុភា អភិបាលស្តីទីខេត្តត្បូងឃ្មុំបានឱ្យដឹងថា ខេត្តបានទទួលរងផលប៉ះពាល់ដោយ ទឹកជំនន់ទន្លេមេគង្គលើ ដែលធ្វើឱ្យផ្នែកខ្លះនៃស្រុកចំនួន៤ គឺស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកតំបែរ និងស្រុក អូររាំងឳ លើឃុំចំនួន១៨ និងភូមិចំនួន៨៦ ស្មើនឹងប្រជាជនសរុបចំនួន ១៩ពាន់ ៩២៧គ្រួសារ មានមនុស្សសរុប ចំនួន ៨១ពាន់ ៩១៥នាក់ បានទទួលរងនូវផលប៉ះពាល់ ក្នុងនោះមានពលរដ្ឋចំនួន ១០ពាន់ ២៩១នាក់ត្រូវបាន អាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

លោកថា នៅទូទាំងខេត្ត ទឹកជំនន់បានបង្កផលប៉ះពាល់ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជន់លិចផ្លូវសរុប ចំនួន ១៧៦ខ្សែ ស្មើនឹងប្រវែង ២៣៨ពាន់ ៦២៩ម៉ែត្រ ស្ពានចំនួន ២២កន្លែង ទំនប់ទឹក ៦៤កន្លែង វត្តអារាម ៧៩ កន្លែង បាក់ច្រាំងទន្លេប្រវែង២៤៥០ម៉ែត្រ និងមានមនុស្សលង់ទឹកស្លាប់ចំនួន ២នាក់។ល។ ហើយដោយឡែកវា បានបង្កផលប៉ះពាល់ដល់ដំណាំស្រូវសរុបចំនួន ២៥៨៩ហិកតា និងដំណាំផ្សេងៗទៀតសរុបចំនួន ១៤៦ហិកតា ផងដែរ៕