ភ្នំពេញ៖ក្រសួងការបរេទេសវៀតណាម កាលពីថ្ងៃ អង្គារ ទី ៣០មិថុនា ម្សិលមិញនេះ បានស្នើឲ្យកម្ពុជារៀបចំវិធានការទប់ស្កាត់កុំឲ្យមានករណីបង្កជម្លោះតាមព្រំដែនម្តងទៀត ហើយបានចាត់ទុកការប៉ះទង្គិចដោយហិង្សារវាងអ្នកគាំទ្របក្សសង្គ្រោះជាតិ ជាមួយប្រជាជនវៀតណាម គឺបង្កឡើងដោយ«ក្រុមជនជ្រុលនិយម»។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានវៀតណាម អ្នកនាំពាក្យក្រសួងការបរទេស លោកLe Hai Binh បានលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះថា ក្រសួងការបរទេសវៀតណាមបានស្នើឲ្យអាជ្ញាធរកម្ពុជារៀបចំជាវិធានការ ដើម្បីបង្ការកុំឲ្យមានជម្លោះនៅតាមព្រំដែនម្តងទៀត ដោយបានចាត់ទុកការ ប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែនខេត្តស្វាយរៀង បង្កដោយ«ពួកជ្រុលនិយមរបស់កម្ពុជាមួយចំនួន»។
សូមរំលឹកថា កាលពីថ្ងៃអាទិត្យ តំណាងរាស្ត្របក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក រៀល ខេមរិន្ទ្រ លោក អ៊ុំ សំអាន និងប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមនៅកម្ពុជា លោក ថាច់ សេដ្ឋា បានដឹកនាំប្រជាពលរដ្ឋ និងព្រះសង្ឃកម្ពុជាក្រោមប្រមាណ២០០អង្គ/នាក់ ចុះពិនិត្យព្រំដែនខេត្តស្វាយរៀង ត្រង់ចំណុចភូមិគោកធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋថាវៀតណាមបានរំលោភទឹកដីខ្មែរ និងកំពុងធ្វើផ្លូវនៅតំបន់ដែលមិនទាន់ឯកភាពគ្នាបោះបង្គោល។ខណ:ប្រជាពលរដ្ឋ និងតំណាងរាស្ត្រចូលទៅពិនិត្យចំណុចព្រំដែនដែលមានភាពមិនប្រក្រតីនោះ ស្រាប់តែអាជ្ញាធរនិងពលរដ្ឋវៀតណាមបានឃាត់មិនឲ្យចូល និងបានឈានដល់ការរុញគ្នាទៅវិញទៅមកបង្កឲ្យតំណាងរាស្ត្រលោក រៀល ខេមរិន្ទ្រ ឲ្យធ្លាក់ទឹក និងរងរបួសត្រង់ដៃ ខ្នង និងកញ្ចឹងកផងដែរ។
លោកLe Hai Binh បានថ្លែងថាលោកចាត់ទុកថាហិង្សាកើតឡើងកាលពីថ្ងៃអាទិត្យ ដោយសារ «ពួកជ្រុលនិយមកម្ពុជាមួយចំនួន ដែលរំលោភបំពានច្បាប់កម្ពុជា និងវៀតណាម ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានធ្វើ»។ លោកបញ្ជាក់ថា «យើងបានស្នើឲ្យអាជ្ញាធរកម្ពុជារៀបចំជាវិធានការក្នុងការដោះ ស្រាយឧបទ្ទវហេតុនេះឲ្យបានត្រឹមត្រូវ និងបង្ការសកម្មភាពបែបនេះកុំឲ្យកើតឡើងម្តងទៀត ដើម្បីធានាពីការអនុវត្តឲ្យបានរលូននៃការកំណត់ព្រំដែន និងបោះបង្គោលព្រំដែន ដើម្បីជាប្រយោជន៍រួមនៃប្រជាជនទាំងពីរ»។
ភ្លាមៗបន្ទាប់ពីហិង្សាកើតឡើង សាលាខេត្តស្វាយរៀងបានប្រកាសមិនទទួលខុសត្រូវតាមផ្លូវច្បាប់លើការ ប៉ះទង្គិចនៅតាមព្រំដែនរវាងប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋវៀតណាម កាលពីថ្ងៃទី២៨ខែមិថុនា ដោយអះអាងថាក្រុមប្រជាពលរដ្ឋចុះពិនិត្យព្រំដែនមិនបានជូនដំណឹង អាជ្ញាធរខេត្តជាមុន។ សាលាខេត្តស្វាយរៀងបានលើកឡើងថា«ក្នុងនាម អ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀង ខ្ញុំសូមប្រកាសមិនទទួលខុសត្រូវចំពោះផ្លូវច្បាប់ណាមួយ លើហេតុការណ៍ដែលកើតមានឡើងខាងលើ ព្រោះសកម្មភាពខាងលើ ធ្វើឡើងដោយមិនបានជូនដំណឹង និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឡើយ គឺក្នុងគោលបំណងបង្កឲ្យមានអសន្តិសុខ តាមព្រំដែន ផ្ទុយទាំងស្រុងពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផ្ទុយទាំងស្រុងពីវប្បធម៌សន្ទនា ដែលមេដឹកនាំបក្សទាំងពីរបានប្រកាន់យកក្នុងការពិភាក្សាបញ្ហាប្រទេសជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាពជាមួយប្រទេសជិតខាងជាប់ព្រំដែន ដោយឈរលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់អះអាងថាកន្លែងដែលតំណាងរាស្ត្រចុះពិនិត្យខ្សែបន្ទាត់ព្រំដែ ននោះស្ថិតក្នុងតំបន់ចម្រូងចម្រាស។ លោកបានថ្កោលទោសនូវទង្វើដែលបង្កឲ្យមានហិង្សាកើតឡើង ចំពោះដំណើរចុះពិនិត្យខ្សែបន្ទាត់ព្រំដែននេះ៕
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកLe Hai Binh(រូបថតពី
ក្រសួងការបរទេសវៀតណាម)