កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់សហជីព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 October, 2019 ក+ ក-

ភ្នំពេញ ៖ នៅក្នុងកិច្ចគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី១១ ខែតុលា នេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រនេះ បានអនុម័តទាំងស្រុងនូវសេចក្តីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហជីព ចំនួន៩មាត្រា។ វិសោធនកម្មច្បាប់ស្តីពីសហជីពនេះ នឹងជួយលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈរបស់អ្នកបម្រើក្នុងផ្ទះ ការសម្រួលនីតិវិធីនៃការចុះបញ្ជីសហជីព និងការលើកកម្ពស់សិទ្ធិ និងតួនាទីរបស់សហជីព។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។

មាត្រាចំនួន៩ នៃច្បាប់ស្តីពីសហជីព ដែលត្រូវបានកិច្ចប្រជុំពេញអង្គ
គណៈរដ្ឋមន្ត្រីអនុម័តឲ្យធ្វើវិសោធនកម្មនៅព្រឹកថ្ងៃសុក្រនេះ មានមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៥ មាត្រា៥៩ សំដៅលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈរបស់អ្នកបម្រើក្នុងផ្ទះ។ ក្នុងនោះក៏សម្រួលនីតិវិធីនៃការចុះបញ្ជីសហជីព ដែលបញ្ញត្តិក្នុងមាត្រា២០(ថ្មី) និងមាត្រា២១(ថ្មី) ដោយមិនតម្រូវឲ្យធ្វើសេចក្តីប្រកាសផ្ទាល់ខ្លួនថាមានកម្រិតវប្បធម៌យ៉ាងហោចណាស់ចេះអាន ចេះសរសេរអក្សរខែ្មរ និងមិនធ្លាប់ទទួលការផ្តន្ទាទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ ចំពោះកម្មករនិយោជិតខែ្មរ និង មិនតម្រូវឲ្យធ្វើសេចក្តីប្រកាសថាមិនធ្លាប់ទទួលផ្តន្ទាទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋចំពោះកម្មករនិយោជិតជាជនបរទេស និងនិយោជក ដែលចង់ក្លាយជាអ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលនៃអង្គការវិជ្ជាជីវៈ។

ក្រៅពីនេះ ក៏ជួយសម្រួលនីតិវិធីនៃការរក្សាបញ្ជីការ ដោយមិនតម្រូវឲ្យសហជីពចម្លងរបាយការណ៍សកម្មភាពនិងហិរញ្ញវត្ថុជនក្រសួងទទួលបន្ទុកវិស័យការងារ ប៉ុន្តែមានកាតព្វកិច្ចធ្វើសវនកម្មរបាយការណ៍ទាំងនេះ ក្នុងករណីមានការស្នើសុំពីសមាជិកមួយចំនួន ឬម្ចាស់ជំនួយណាមួយ ដូចមានកំណត់ក្នុងមាត្រា១៧(ថ្មី) និងមាត្រា២៧(ថ្មី)។ ក្នុងនោះដែរ ក៏ជួយលើកកម្ពស់សិទ្ធិ និងតួនាទីរបស់សហជីព ដែលមានសមាជិកភាគតិចឲ្យកាន់តែច្បាស់លាស់ដោយបន្ថែម ចំណុច “ឈ. ការធ្វើជាតំណាងសមាជិករបស់ខ្លួននៅក្នុងការដោះស្រាយវិវាទការងាររួម ដែលមិនកើតចេញពីការអនុវត្តអនុសញ្ញារួម” ដូចក្នុងមាត្រា៥៩(ថ្មី)។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ គឺជាសមិទ្ធផលគតិយុត្តិថ្មីមួយទៀត ក្នុងការចូលរួមគាំទ្រការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា និងដើម្បីបង្ហាញអំពីការប្តេជា្ញចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិការងាររបស់កម្មករនិយោជិតស្របតាមបទដ្ឋានអន្តរជាតិ។

សេចក្តីព្រាងច្បាប់នេះ មានសារសំខាន់ចំពោះការធានាសិទ្ធិអង្គការវិជ្ជាជីវៈ ដែលជាចំណុចស្នូលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃការផ្សារភ្ជាប់ពាណិជ្ជកម្មអន្តរជាតិទៅនឹងលក្ខខណ្ឌការងារដែលបានលើកកម្ពស់កិត្យានុភាពកម្ពុជាក្នុងការប្រកួតប្រជែង ទាក់ទាញវិនិយោគ និងបង្កើតការងារជូនកម្មករនិយោជិត ។ សេចក្តីព្រាងច្បាប់នេះ បានទទួលបានការគាំទ្រនិងស្វាគមន៍ពីដៃគូសង្គម និងដៃគូអភិវឌ្ឍទាំងអស់នៅកម្ពុជា៕