ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសថា ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩តទៅ កម្លាំងនគរបាលនឹងចាត់វិធានការត្រួតពិនិត្យ ចាប់ឃាត់ជាបណ្តោះអាសន្នរថយន្ត និងទោចក្រ-ត្រីចក្រយានយន្ត ដែលគ្មានស្លាកលេខយកទៅរក្សាទុក និងធ្វើការផាកពិន័យ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រហូតទាល់តែធ្វើស្លាកលេខរួចរាល់ហើយទើបអនុញ្ញាត ឱ្យយកត្រឡប់ទៅវិញបាន។
ក្នុងសេចក្តីជូនដំណឹងចុះនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសង្កេតឃើញមានរថយន្ត និងទោចក្រ-ត្រីចក្រ យានយន្ត មួយចំនួនដែលធ្វើចរាចរណ៍នៅតាមដងផ្លូវដោយគ្មានស្លាកលេខ ឬប្រើប្រាស់ស្លាកលេខមិនប្រក្រតី និងបានឆ្លៀតឱកាសយករថយន្ត និងទោចក្រ-ត្រីចក្រយានយន្តទាំងនោះ ទៅប្រព្រឹត្តអំពើឆក់ ប្លន់ ឬធ្វើសកម្មភាពល្មើសច្បាប់ផ្សេងៗទៀត និងបង្កគ្រោះថ្នាក់រួចបើកគេចវេសពីការទទួលខុសត្រូវចំពោះមុខច្បាប់។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានី បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលប្រើប្រាស់ យាន យន្តគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនត្រឹមត្រូវ ត្រូវរួសរាន់ទៅបំពេញបែបបទសុំស្លាកលេខ និងបណ្ណសម្គាល់រថយន្ត និងទោចក្រ-ត្រីចក្រយានយន្តឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕