ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាក្នុង១ថ្ងៃៗយ៉ាងណាស់មានអ្នកស្លាប់៥នាក់ និងរងរបួស១៥នាក់ជាមធ្យម និងបានធ្វើឱ្យកម្ពុជាខាតបង់ថវិកាជាច្រើនលានដុល្លារអាមេរិកក្នុង១ឆ្នាំ ដែលគ្រោះថ្នាក់ចរាចរណ៍នេះច្រើនបង្កឡើងដោយសារការប្រើប្រាស់គ្រឿងស្រវឹង។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាស្តីពីគម្រោងការងារសុវត្ថិភាពចរាចរណ៍សម្រាប់ឆ្នាំ២០១៩ ជាមួយបណ្តាក្រុមហ៊ុន ដៃគូនាទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី១១ តុលា មានប្រសាសន៍ថា យើងរីករាយដែលបានចុះអនុស្សរណៈនៃ ការយោគយល់គ្នា ដើម្បីធ្វើការងារលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលកិច្ចព្រមព្រៀងនេះនឹងត្រូវ អនុវត្តនៅបណ្តាខេត្តចំនួន៣ រួមមាន ខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ ដោយយើងត្រូវធ្វើការអប់រំ ដល់ពលរដ្ឋនៅខេត្តទាំង៣នេះអំពីបញ្ហាចរាចរណ៍ ក្រោមគម្រោងដែលយើងហៅថា ការបើកបរ ដោយគ្មានគ្រឿង ស្រវឹង។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា គ្រប់ភាគីពាក់ព័ន្ធចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីកាត់ បន្ថយការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដែលយើងគ្រោងនឹងកាត់បន្ថយយ៉ាង ហោចណាស់ឱ្យបានប្រមាណ ៥០% នូវករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាណ៍ផ្លូវគោកនៅឆ្នាំ២០២០ខាងមុខ ដោយរាល់ការដឹកជញ្ជូនទាំងអស់ត្រូវមានគណៈកម្មការសុវត្ថិភាពផ្លូវថ្នល់ និងផ្នែកចរាចរណ៍ផ្លូវគោកដើម្បីធ្វើការ រួមគ្នា។
ក្នុងឱកាសនេះ តំណាងសម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំអាស៊ីប៉ាស៊ីហ្វិក ដែលជាម្ចាស់ជំនួយ បានគូសបញ្ជាក់ថា ខ្លួនបានមកប្រទេសកម្ពុជា ដើម្បីធ្វើការជាមួយរដ្ឋាភិបាល ក្នុងគោលបំណងគាំទ្រដល់ក្រសួង ស្ថាប័នពាក់ព័ន្ធចំពោះកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដោយឆ្នាំនេះខ្លួននឹងចូលរួមជាថវិកា ប្រមាណជាង ១០ម៉ឺនដុល្លារអាមេរិកដល់យុទ្ធនាការដែលនឹងអនុវត្តសកម្មភាពមួយចំនួនមានដូចជា ការលើក កម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការបើកបរក្នុងពេលស្រវឹង ការគាំទ្រនូវការបណ្តុះបណ្តាល និងការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងទំនូលខុសត្រូវផ្នែកសង្គ្រោះបឋម ព្រមទាំងចំណេះដឹងអប់រំអំពីគ្រោះថ្នាក់នៃការសេពគ្រឿងស្រវឹងទាំងមិនទាន់គ្រប់អាយុ និងណែនាំឱ្យមនុស្សជំនាន់ ក្រោយមានទំនូលខុសត្រូវខ្ពស់ពេលទទួលទានគ្រឿងស្រវឹង។
គួរបញ្ជាក់ថា នេះជាឆ្នាំទី៣ហើយ ដែលសម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំអាស៊ីប៉ាស៊ីហ្វិកបានចូល រួមក្នុងយុទ្ធនាការនៃការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា៕