ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនភាពចំពោះសុខុដុមនីយកម្មខាងសាសនានៅកម្ពុជា ដែលបានផ្តល់ឱកាសដល់ពលរដ្ឋនូវការគោរពប្រតិបត្តិ ជំនឿសាសនានីមួយៗ ដោយគ្មានការរឹតត្បិត។ សម្តេចតេជោបញ្ជាក់ថា ដរាបណាសម្តេចនៅតែធ្វើនាយករដ្ឋមន្ត្រី នោះជំនួបជាមួយគ្រឹស្ទបរិស័ទរៀងរាល់មួយឆ្នាំម្តង នៅបន្តដដែលគ្មានការផ្លាស់ប្តូរឡើយ។
សម្តេចតេជោ បានថ្លែងដូច្នេះ នៅក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ឋខ្មែរ ជាគ្រីស្ទបរិស័ទជាង ៣,០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាតកោះពេជ្រ រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី១២ ខែតុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា សាសនាធំៗនៅកម្ពុជាមានបីធំៗរួមមានព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ អ៊ីស្លាមសាសនានិងគ្រីស្ទសាសនា។ សាសនាទាំងអស់ អាចរស់នៅជាមួយគ្នាបានដោយមិនមានជម្លោះសាសនានោះទេ គ្រាដែលរាជរដ្ឋាភិបាលតែងតែផ្តល់ឱកាស និងគាំទ្រចំពោះសាសនាទាំងអស់នោះដោយមិនមានការបំបិទសិទ្ធអ្នកកាន់សាសនាអ្វីឡើយ។ សម្តេចមានមោទនៈភាពចំពោះសាសនាទាំងអស់ ដែលបានរស់នៅមិនមានជម្លោះនឹងគ្នា ហើយក៏មិនមានការវាយប្រហារខាងណានោះទេ។
សម្តេចតេជោបានអំពាវនាវប្រជាពលរដ្ឋរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ក្នុងសង្គមឲ្យបានគង់វង្ស ដោយមិនត្រូវទុកឲ្យសុខសន្ដិភាព ក្លាយទៅជាចំណាប់ខ្មាំងរបស់ជនណាម្នាក់នោះឡើយ ពីព្រោះបើមិនមានសន្តិភាពទេ កុំនិយាយពីការរីកចម្រើនខាងសាសនាឲ្យសោះ ។ ក្នុងនោះតាមសហគមន៍ ឬតាមវិហារសាសនា ត្រូវចូលរួមក្នុងយុទ្ធនាការកាត់បន្ថយ និងលុបបំបាត់បញ្ហាគ្រឿងញៀនខុសច្បាប់ផ្សេងៗ ត្រូវយកចិត្តទុកដាក់លើបញ្ហាចរាចរណ៍ ដែលជាបញ្ហាសំខាន់ក្នុងប្រទេស។ ក្រៅពីនេះ សម្តេចបានអំពាវនាពលរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់លើការធ្វើសុខដុមនីយកម្មសាសនាខ្លួនឯង និងធ្វើឲ្យមានទំនាក់ទំនងល្អជានិច្ច ជាមួយសាសនាដទៃទៀត និងត្រូវបន្តធ្វើការបណ្តុះបណ្តាលធនធានមនុស្សឲ្យបានច្រើនបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការចូលរួមចំណែកក្នុងសង្គម និងការអភិវឌ្ឍលើវិស័យផ្សេងៗទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។សម្តេចតេជោ សូមឲ្យបងប្អូនអ្នកគោរពប្រតិបត្តិគ្រីស្ទសាសនាទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបន្តរក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងឲ្យកាន់តែមានការអភិវឌ្ឍទៅមុខទៀត។
គួរបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលសម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបងប្អូនគ្រីស្ទបរិស័ទ ដើម្បីសុខដុមនីយកម្មវិស័យគ្រីស្ទសាសនានៅក្នុងប្រទេសកម្ពុជា។ ឯ.ឧ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរដែលបានជឿលើគ្រីស្ទសាសនាមានចំនួនសរុបជាង ១១ម៉ឺន ៤ពាន់នាក់។ គ្រីស្ទសាសនា ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម និងចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាព រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា វៀរចាកផុតពីការរើសអើង ប្រកាន់ពូជសាសន៍ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើប្រទូសរ៉ាយ អំពើហិង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល៕