ភ្នំពេញ៖ ផ្លូវK5 ចាប់ពីផ្លូវលេខ៧០ ដល់ប្រឡាយបាក់ទូក ស្ថិតក្នុងសង្កាត់ទួលសង្កែ ត្រូវអាជា្ញធរប្រកាសបិទចរាចរណ៍រយះពេល៦០ថ្ងៃដើម្បីក្រុមបច្ចេកទេសដំណើការការដ្ឋានដាក់លូបង្ហូរទឹកកាកសំណល់ចេញពីតំបន់អភិវឌ្ឍន៍បឹងកក់ និងរាជធានីភ្នំពេញ។
ថ្ងៃទី ៣០ មិថុនា នេះ សាលារាជធានីភ្នំពេញបានប្រកាសថា ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅតំបន់អភិវឌ្ឍន៍បឹងកក់ និងតំបន់ជុំវិញនោះ សាលារាជធានីភ្នំពេញ នឹងបិតចរាចរណ៍បណ្តោះអាសន្នលើផ្លូវK5 ចាប់ពីផ្លូវលេខ៧០ដល់ប្រឡាយបាក់ទូក ឆ្លងកាត់ផ្លូវរថភ្លើងក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្នុងរយៈពេល៦០ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ខែកក្កដាដល់៣១ ខែសីហា ឆ្នាំ២០១៥ ។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ បានឲ្យដឹងថា ដើម្បីធានាឲ្យការដ្ឋានដំណើរការទាន់កម្មវិធី ដូចដែលបានគ្រោងទុក និងដើម្បីសម្រួលដល់គ្រឿងចក្រ ការដ្ឋាននោះ សាលារាជធានីភ្នំពេញ សុំធ្វើការបិទចរាចរណ៍បណ្តោះអាសន្នលើកំណាត់នេះប្រវែង២០៥ម៉ែត្រ សម្រាប់រយៈពេល៦០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់៣១ ខែសីហា ឆ្នាំ២០១៥ ហើយក្រោយពេលបញ្ចប់ការដ្ឋានដាក់បណ្តាញលូនេះនឹងបើកឲ្យដំណើរការវិញ ជាធម្មតា។ទន្ទឹមនឹងនេះសាលារាជធានីភ្នំពេញស្នើសុំប្រជាពលរដ្ឋដែល រស់នៅតាមបណ្តោយផ្លូវខាងលើ ក៏ដូចជាអ្នកដំណើរឆ្លងកាត់ផ្លូវនេះមេត្តាយោគយល់អធ្យាស្រ័យចំពោះការ រំខានដោយគ្រឿងចក្រ និងដំណើរការការដ្ឋាន ៕ដោយ ៖ ខេមរា