ភ្នំពេញ : ពិព័រណ៍ផលិតផលអាហារជប៉ុន ដែលរៀបចំឡើងដោយអង្គការ Jetro ( ជេត្រូ ) របស់ជប៉ុន បានបើកសម្ពោ ធជាផ្លូវការ កាលពីរសៀលថ្ងៃទី១១ តុលា ២០១៩ នៅផ្សារទំនើបអ៊ីអនភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តមប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផងដែរ ។
ក្នុងឱកាសបើកកម្មវិធីបើកនោះកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរីកចម្រើនរបស់កម្ពុជាកន្លងទៅ និងនាពេលបច្ចុប្បន្ន មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់មិត្តជប៉ុនបានឡើយ ហើយតាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ តាមរយៈការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិយោគរបស់វិស័យឯកជនជប៉ុននៅកម្ពុជា ។ ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន នៅឆ្នាំ២០១៨ មានទំហំទឹកប្រាក់ប្រមាណជាង ១ ៥៨៨ លានដុល្លារអាមេរិក ក្នុងនេះការនាំចេញពីកម្ពុជាទៅជប៉ុនមានទំហំទឹកប្រាក់ប្រមាណ ១ ០៧៩ លានដុល្លារ អាមេរិក និងការនាំចូលពីជប៉ុនមកកម្ពុជា គិតជាទំហំទឹកប្រាក់មានប្រមាណ ៥០៩ លានដុល្លារ អាមេរិក។
ឯកឧត្តមបន្តថា ការវិនិយោគដោយផ្ទាល់ពីប្រទេសជប៉ុនក៏មានការរីកចម្រើនផងដែរ ដោយគិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ មានគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ចំនួន ១៣៧ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក ដែលផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំ អគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ដើម្បីដោះស្រាយបញ្ហាជូនអ្នកវិនិយោគនៅកម្ពុជា នៅថ្ងៃទី០៥ ខែកញ្ញា ២០១៩ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ក្នុងគោលបំណងបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញពាណិជ្ជកម្មរវាងភាគី កម្ពុជា ជប៉ុន ដូចជា (១) ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុនក្នុងវិស័យពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និង (២) លើកកម្ពស់បរិយាកាសវិនិយោគ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនឯកជនជប៉ុនឱ្យធ្វើអាជីវកម្មនៅកម្ពុជា ។
លោករដ្ឋមន្ត្រី សង្ឃឹមថា សកម្មភាពធុរកិច្ច និងវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា នឹងបន្តរីកចម្រើនបន្ថែមទៀត ដើម្បីផ្ដល់តម្លៃបន្ថែម និងផ្ដល់បរិស្ថានការងារ និងបរិស្ថានរស់នៅល្អប្រសើរជូនដល់កម្មករ និយោជិតកម្ពុជា ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ឱកាសការងារសមរម្យ ការរក្សាកំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្មកម្ពុជា ។ ជាមួយនោះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុន វិនិយោគបន្ថែមកាន់តែច្រើនទៀតលើគ្រប់វិស័យ ជាពិសេសការកែច្នៃម្ហូបអាហារដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក អេកូទេសចរណ៍ ឧស្សាហកម្ម តភ្ជាប់ខ្សែចង្វាក់ផលិតកម្មក្នុងស្រុក និងតំបន់ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យឧស្សាហកម្ម ជាដើម។
លោក Tsuyoshi Nozoe ( ស៊ូយ៉ូស៊ិ ណូហ្សូ ) តំណាងមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសជប៉ុន បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាដោយប្រជាជនកម្ពុជា ដូចនេះហើយផ្សារអ៊ីអនក៏មានការលក់ទំនិញអនឡាញផងដែរ ដើម្បីឱ្យស្របតាមតម្រូវការរបស់អតិថិជនកម្ពុជា ។
ដោយឡែក លោក Masahiro Miyao ( ម៉ាសាហ៊ីរ៉ូ មីយ៉ាអូ ) តំណាងអង្គការ JETRO នៅភ្នំពេញ បានឱ្យដឹងថា ផលិតផលអាហារជប៉ុនដែលមានដាក់តាំងក្នុងពិព័រណ៍នេះ គឺមានចំនួន ៣០០ មុខអាហារ រួមមាន បន្លែជប៉ុន ភេសជ្ជៈ ស្រាសាកេ និងផលិតផលអាហារជាច្រើនទៀត ដែលសុទ្ធសឹងតែជាផលិតផលដែលផលិតក្រោមស្ដង់ដារជប៉ុន ៕