ភ្នំពេញ ៖ លោក មីកាមិ ម៉ាសាហ៊ីរុ (MIKAMI Masahiro ) ឯកអគ្គរាជទូតជប៉ុន ទើបតែងតាំងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជាសន្យាថានឹងខិតខំជំរុញវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែកើនឡើង។ លើសពីនេះលោកឯកអគ្គរាជទូតបានសន្យាថានឹងខិតខំជំរុញ ទំនាក់ទំនាក់រដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀត។
ការសន្យាបែបនេះធ្វើឡើងនៅក្នុងឱកាសចូលសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៩នេះ។ ទន្ទឹមនោះលោកក៏កោតសរសើរខ្ពស់ចំពោះការខិតខំតស៊ូ របស់រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានកសាងអភិវឌ្ឍន៍ប្រទេសជាតិ ចេញពីសង្រ្គាមទទួលបាននូវវឌ្ឍនភាពយ៉ាងក្រៃលែងដូចសព្វថ្ងៃ។ លោកបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន មានមោទនភាពដែលបានចូលរួមចំណែកស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជាមួយជាប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ ឯកអគ្គរាជទូតជប៉ុន បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ដោយសង្កេតឃើញកំណើនសេដ្ឋកិច្ចកម្ពុជាខ្ពស់ អ្នកវិយោគទុនជប៉ុនជាច្រើន មានបំណងមកបណ្តាក់ទុកនៅកម្ពុជា ហើយក្នុងបេសកកម្មការទូតនៅកម្ពុជានេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរនូវ ជោគជ័យទាំងឡាយដែលកម្ពុជា និង ជប៉ុន សម្រេចបាន ពិតជាមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែង របស់ឯកអគ្គរាជទូតជប៉ុនគ្រប់រូប ដែលបានអនុវត្តន៍ការងារយ៉ាងសកម្ម និងហ្មត់ចត់ជាមួយកម្ពុជា។ សម្តេចប្រធាន មានក្តីសង្ឃឹមថា ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរុ នឹងបន្តបេសកកម្មដ៏ល្អនេះតទៅទៀតដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រទេសទំាងពីរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមស្វែងរកសុខសន្តិភាព និងការបង្រួបបង្រួមជាតិ ដើម្បីស្តារ និងកសាងប្រទេសឡើងវិញ និងនៅតែបន្តជួយកម្ពុជារហូតសព្វថ្ងៃ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានស្នើដល់ភាគីជប៉ុន ដែលជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ប្រជាជនកម្ពុជាបន្ថែម ហើយរដ្ឋសភាត្រៀមខ្លួនជាសេ្រចក្នុងការធ្វើកិច្ចសហប្រតិបត្តិការពេញលេញជាមួយលោក មីកាមិ ម៉ាសាហ៊ីរុ ដើម្បីឱ្យបេសកកម្មការទូតនៅកម្ពុជាទទួលបានជោគជ័យ៕