ភ្នំពេញ៖ក្រោយអំពើហិង្សាបានផ្ទុះឡើងនៅព្រំដែនរវាងកម្ពុជា និងប្រទេសវៀតណាម និងការមិនឯកភាពគ្នាលើតំបន់ព្រំដែនមួយចំនួន ភាគីកម្ពុជានិងវៀតណាមបានសម្រេចជួបប្រជុំគ្នានៅថ្ងៃទី ៦ កក្កដា ដើមសប្តាហ៍ នៅខេត្តសៀមរាប។
ជំនួបពិភាក្សានេះ ធ្វើឡើងបន្ទាប់ពីមានការផ្ទុះហិង្សាត្រង់ចំណុចភូមិគោកធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីថ្ងៃអាទិត្យ ដែលភាគីវៀតណាមអះអាងថាបង្កមកពីប្រជាជនកម្ពុជាជ្រុលនិយមមួយចំនួន។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកLe Hai Binh បានស្នើឲ្យអាជ្ញាធរកម្ពុជារៀបចំជាវិធានការ ដើម្បីបង្ការកុំឲ្យមានជម្លោះនៅតាមព្រំដែនម្តងទៀត។
នៅថ្ងៃពុធនេះដែរ ក្រសួងការបរទេសកម្ពុជា បានចេញកំណត់ទូតថ្មីមួយទៀត ផ្ញើទៅកាន់ស្ថានទូតវៀតណាមនៅភ្នំពេញ ដោយទាមទារឲ្យរដ្ឋាភិបាលលវៀតណាមបញ្ឈប់ជាបន្ទាន់នូវការសាងសង់សំណង់ផ្សេងៗនៅតាមបន្ទាត់ព្រំដែនដែនដែលមិនទាន់បានបោះព្រំសីម៉ា។
លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា គណៈកម្មការកិច្ចការព្រំដែនកម្ពុជារំពឹងថាខ្លួនអាចដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមនៅក្បែរខាងនេះបាន។
គួររំលឹកថា ក្រសួងការបរទេសវៀតណាមកាលពីថ្ងៃអង្គារម្សិលមិញ បានរិះគន់យ៉ាងខ្លាំងលើអំពើហិង្សានៅព្រំដែនដែលដឹកនាំដោយសមាជិក សភាគណបក្សសង្គ្រោះជាតិ។ វៀតណាមបានស្នើមកដល់ភាគីកម្ពុជាឱ្យចាត់វិធានការសមស្របដើម្បី ដោះស្រាយបញ្ហានេះដែលបានកើតឡើង និងការពារកុំឱ្យមានសកម្មភាពដដែលនេះកើតឡើងជាថ្មីម្តងទៀត ក្នុងន័យដើម្បីធានាឱ្យបានការអនុវត្តការបោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរដោយឈរលើប្រយោជន៍រួមនៃប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់ពី លោក Le Hai Binh អ្នកនាំពាក្យក្រសួងការបទេសវៀតណាមដែលបានឆ្លើយសំនួរអ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារម្សិលមិញ៕ ដោយ៖ខេមរា