ហ្វីលីពីន ៖ ប៉ូលិសកំពូលរបស់ហ្វីលីពីនដែលដឹកនាំការបង្ក្រាបគ្រឿងញៀនដ៏សាហាវរបស់ប្រទេសនេះបានលាលែងពីតំណែងកាលពីថ្ងៃចន្ទខណៈពេលដែលគាត់ប្រឈមមុខមុខនឹងការចោទប្រកាន់ថាបានការពារមន្ត្រីដែលត្រូវគេចោទប្រកាន់ថាបានលក់គ្រឿងញៀនដែលរឹបអូសបាន។
ថ្វីបើរឿងអាស្រូវមានតាំងពីមុនពេលលោក Oscar Albayalde កាន់តំណែងជាអគ្គស្នងការនគរបាលជាតិក៏ដោយនោះ វាបានបង្កឲ្យមានការរិះគន់ថ្មីៗចំពោះយុទ្ធនាការរបស់លោកប្រធានាធិបតី Rodrigo Duterte ដែលជាគន្លឹះសំខាន់សម្រាប់ប្រជាប្រិយភាពរបស់លោកក្នុងចំណោមប្រជាជនហ្វីលីពីន។
ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីដែលរងការថ្កោលទោសជាអន្តរជាតិ, ប៉ូលិសបានសម្លាប់អ្នកចែកចាយនិងអ្នកប្រើប្រាស់រាប់ពាន់នាក់ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៦មកប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថា អ្នកមានទ្រពសម្បត្តិនិងអ្នកមានអំណាចភាគច្រើនតែងតែរួចខ្លួន។
ការលាលែងពីតំណែងរបស់លោក Albayalde កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអតីតមន្ត្រីប៉ូលិសពីររូបបានចោទប្រកាន់គាត់ក្នុងការវាយឆ្មក់ឆ្នាំ២០១៣ដែលក្នុងនោះមន្ត្រីនៅខេត្តមួយក្បែរទីក្រុងម៉ានីលបានរឹបអូសយកហើយបន្ទាប់មកលក់ផ្នែកខ្លះនៃថ្នាំមេតំហ្វេតាមីនដែលរឹងអូសបានយ៉ាងច្រើន។
អតីតមន្ត្រីម្នាក់បានចោទប្រកាន់លោក Albayalde ថាបានការពារមន្ត្រីទាំងនោះពីការធ្វើខុសវិន័យខណៈដែលម្នាក់ទៀតបានអះអាងថា គាត់បានទទួលប្រាក់ពីការលក់គ្រឿងញៀន។ទោះបីជាយ៉ាងណាក៏ដោយ លោក Albayalde ដែលពេលនោះជាមេបញ្ជាការខេត្តបានបដិសេធយ៉ាងដាច់អហង្ការចំពោះការធ្វើខុសណាមួយ។លោកគ្រោងនឹងចូលនិវត្តន៍នៅខែវិច្ឆិកាបន្ទាប់ពីចូលបម្រើការងារជាអគ្គស្នងការនគរបាលជាតិចាប់តាំងពីខែមេសាឆ្នាំ២០១៨មក៕