ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមានគម្រោងទិញយន្តហោះស៊ើបការណ៍ L-39 បន្ថែម រួមទាំងអាវុធមួយចំនួនទៀតពីសាធារណរដ្ឋឆែកដើម្បីពង្រឹងក្នុងវិស័យទំនាក់ទំនងសន្តិសុខ និងការពារជាតិរបស់កម្ពុជា។ ការថ្លែងនេះធ្វើឡើងក្នុងសន្និសីទកាសែតរួមគ្នាជាមួយនាយករដ្ឋមន្រ្តីឆែក ក្រោយជំនួបពិភាក្សាកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «កាលពីពេលមុននេះកម្ពុជាបានទិញយន្តហោះស៊ើបការណ៍ L-39 ចំនួន៦គ្រឿងរួចហើយ។ ព្រឹកនេះ ខ្ញុំក៏បានស្នើសុំពិភាក្សាអំពីលទ្ធភាពកម្ពុជា អាចទិញនូវយន្តហោះស៊ើបការណ៍ L-39 ប្រភេទថ្មី ៣ ទៅ ៤គ្រឿងបន្ថែមទៀត ហើយយើងនឹងបន្តការពិភាក្សាពីបញ្ហានេះ រួមទាំងអាវុធមួយចំនួន ដែលកម្ពុជាកំពុងនាំចូល និងអាចថែមនូវអាវុធធុនស្រាលមួយចំនួនផ្សេងទៀត នៅក្នុងវិស័យទំនាក់សន្តិសុខ និងការពារជាតិរបស់យើង»។
សូមជម្រាបថា បន្ទាប់ពីកិច្ចជំនួបពិភាក្សាទ្វេភាគី រវាងសម្តេចតេជោ ហ៊ុន សែន និងលោក Andrej Babis នាយករដ្ឋមន្រ្តីឆែករួចមក រដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើ ឯកសារសំខាន់ៗចំនួនពីររួមមាន ៖ ១. អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារអនុវត្តគម្រោងសុខាភិបាលឆែក VAMED និងទី២. អនុស្សារណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឆែក៕