ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិអញ្ជើញចូលរួមព្រឹត្តិការណ៍សំខាន់២ នៅប្រទេសចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ Wei Fenghe ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ។
ប្រកាសព័ត៌មានដដែលបញ្ជាក់ថា ព្រឹត្តិការណ៍សំខាន់ចំនួន២រួមមាន ៖ ទី១៖ ចូលរួមពិធីបើកការប្រកួតកីឡាយោធាពិភពលោក លើកទី៧ ដែលនឹងប្រារព្ធនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុង អ៊ូហាន (Wuhan) ខេត្តហ៊ូបេ (Hubei) ហើយព្រឹត្តិការណ៍ប្រកួតកីឡាយោធាពិភពលោក លើកទី៧នេះ រៀបចំឡើងក្រោមប្រធានបទ «ការចែករំលែកមិត្តភាព និងលើកកម្ពស់សន្តិភាព» និងទី២៖ បន្ទាប់ពីព្រឹត្តិការណ៍នេះ សម្តេចពិជ័យសេនា នឹងចូលរួមវេទិកា «សៀងសាន ប៉េកាំង លើកទី៩» (9th Beijing Xiangshan Forum) ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងវេទិកា សៀងសាន លើកទី៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ និងចូលរួមពិភាក្សាលើប្រធានបទសំខាន់ៗ ដែលពាក់ព័ន្ធបញ្ហាសន្តិសុខក្នុងតំបន់។