ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន នៅរសៀលថ្ងៃទី១៦ ខែតុលានេះ បានថ្លែងថា រាជរដ្ឋាភិបាលមានសិទ្ធិ និងកាតព្វកិច្ចផ្ដាច់មុខក្នុងកិច្ចការពារ ថែរក្សាអធិបតេយ្យ និងសន្ដិសុខជាតិ ដែលផ្ដល់ដោយច្បាប់។
ការបញ្ជាក់របស់លោកនេះជាការឆ្លើយតបទៅនឹងអ្នកដែលតាំងខ្លួនជាអ្នកវិភាគសង្គមរឿងនយោបាយ ស្ដីពីអំពីបំណងទិញយន្ដហោះស៊ើបការណ៍ប្រភេទ L39 ពីប្រទេសឆែក។
លោក ផៃ ស៊ីផាន សរសេរតាមបណ្តាញសង្គម Facebook ថា បំណងនៃការទិញយន្ដហោះ គឺមិនត្រឹមតែធ្វើទំនើបកម្មសព្វាវុធ សម្រាប់កងយោធពលខេមរភូមិន្ទ ក៏នឹងអាចឆ្លើយតបទៅនឹងព្រឹត្តិការណ៍ជាយថាហេតុណាមួយដែលកើតឡើងពីសភាពការមិនច្បាស់លាស់នៃសណ្ដាប់ធ្នាប់ពិភពលោកផងដែរ។
លោកបន្តថា លើសពីនេះទៀត ការទិញយន្ដហោះ ក៏ជាសេចក្ដីសម្រេចចិត្ត និងកិច្ចប្តេជ្ញា ពង្រឹងកិច្ចទំនាក់ទំនងល្អ និងសហប្រតិបត្តិការជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយប្រទេសឆែក ក្នុងវិស័យពាណិជ្ជកម្មទ្វេភាគីផងដែរ៕