ចិន​ព្រមាន​សងសឹក ខណៈ​សភា​អាមេរិក​អនុម័ត​ច្បាប់​ប្រជាធិបតេយ្យ​ហុងកុង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2019 ក+ ក-

​ហុងកុង ៖ កាលពី​ថ្ងៃ​អង្គារសភាតំណាងរាស្ត្រ​អាមេរិក​បានអនុម័ត​សេចក្តីព្រាងច្បាប់​មួយ​ដែល​ចង់បាន​ដោយ​ក្រុមបាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ហុងកុង​ដែលមាន​គោលបំណង​ការពារ​សិទ្ធិ​ស៊ីវិល​នៅក្នុង​ទឹកដី​ពាក់កណ្តាល​ស្វ័យ​ត​មួយ​នេះ​ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​ឆ្លើយតប​ខឹងសម្បា​ពី​ប្រទេស​ចិន​។​

​ច្បាប់​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ហុងកុង​ដែល​ឥឡូវនេះ​នឹង​យកទៅ​ព្រឹទ្ធសភា​មុនពេល​វា​ក្លាយជា​ច្បាប់​មួយ​នោះ​គឺ​បាន​ទាញយក​ការគាំទ្រ​ទ្វេភាគី​ដ៏​កម្រ​នៅក្នុង​សភា​ដែលមាន​លក្ខណៈ​ចម្រុះ​។ ច្បាប់​នេះ​នឹង​បញ្ចប់​ឋានៈ​ពាណិជ្ជកម្ម​ពិសេស​ហុងកុង​-​អាមេរិក​លុះត្រាតែ​ក្រសួងការបរទេស​បញ្ជាក់​ជា​រៀងរាល់ឆ្នាំ​ថា អាជ្ញាធរ​ទីក្រុង​នេះ​បាន​គោរព​សិទ្ធិមនុស្ស​ និង​នីតិរដ្ឋ​។​

​ប្រទេស​ចិន​បាន​សម្តែង​នូវ​ការខឹង​សម្បា​យ៉ាងខ្លាំង​ចំពោះ​ការអនុម័ត​ច្បាប់​នេះដែ​លវា​ក៏​តម្រូវ​ឲ្យ​ប្រធានាធិបតី​អាមេរិក​កំណត់​និង​ដាក់ទណ្ឌកម្ម​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការលុបបំបាត់​ស្វ័យភាព​និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅក្នុង​ទីក្រុង​ហុងកុង​ផងដែរ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Geng Shuang បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​អ្វីដែល​ហុងកុង​ប្រឈមមុខ​គឺ​មិនមែនជា​អ្វីដែល​គេ​ហៅថា ​បញ្ហា​សិទ្ធិមនុស្ស ​និង​លទ្ធិប្រជាធិបតេយ្យ​នោះទេ ​ប៉ុន្តែ​ជា​បញ្ហា​នៃ​ការបញ្ឈប់​អំពើ​ហឹ​ង្សា ការរក្សា​សណ្តាប់ធ្នាប់​និង​ការរក្សា​នីតិរដ្ឋ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​”​។​

​លោក Geng បាន​និយាយថា សហរដ្ឋអាមេរិក​គួរតែបញ្ឈប់​ការជ្រៀតជ្រែក​ហើយ​បាន​ព្រមាន​ថា ប្រទេស​ចិន​នឹង​ចាត់វិធានការ​រឹងមាំ​ដើម្បី​ប្រឆាំងនឹង​សេចក្តីស្នើច្បាប់​របស់​ហុងកុង​។ ​ជារឿយៗ ប្រទេស​ចិន​បាន​ចោទប្រកាន់ “​កម្លាំង​ខាងក្រៅ​” ពី​ការបង្ក​ភាពចលាចល​រយៈពេល​ច្រើន​សប្តាហ៍​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​មួយ​នេះ​៕