ភ្នំពេញ ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របន្ថែមការបណ្ដុះបណ្ដាលភាសាកូរ៉េ និងជប៉ុន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត ពិសេសគឺឆ្លើយតបទៅនឹងការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ក្រោយមានការស្នើសុំផ្ទាល់ពីនាយកវិទ្យាស្ថានជាតិមួយនេះ។
ការស្នើ និងអនុញ្ញាតឱ្យមានការបន្ថែមការបណ្ដុះបណ្ដាលភាសាបរទេសខាងលើនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត អ៉ិត សំហេង អញ្ជើញសំណេះសំណាលជាមួយសាស្ត្រាចារ្យ មន្ត្រីរាជការ និងបុគ្គលិកនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។
ក្រៅពីនោះ លោកបណ្ឌិត អ៉ិត សំហេង ក៏បានឱ្យវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រពិចារណាបន្ថែមការបណ្ដុះបណ្ដាលជំនាញសេវាកម្មទេសចរណ៍ ទំនាក់ទំនងអន្តរជាតិ និងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិផងដែរ។
នាឱកាសនោះ លោករដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍មួយចំនួនដល់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ត្រូវពង្រីកសមត្ថភាពបង្រៀនរបស់គ្រូ និងសាស្ត្រាចារ្យ ពីកម្រិតបរិញ្ញាបត្រទៅដល់កម្រិតអនុបណ្ឌិត និងបណ្ឌិត តាមរយៈការសិក្សាបន្តនៅក្នុងប្រទេស ពិសេសនៅក្រៅប្រទេស។
ក្រៅពីនេះ ត្រូវបន្តពង្រឹងបរិយាកាសការងារ និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អថែមទៀត ត្រូវមានវិធីសាស្ត្រគ្រប់គ្រងដឹកនាំ ប្រកបដោយតម្លាភាព គណនេយ្យភាព តាមទ្រឹស្ដី «ទឹកត្រជាក់ត្រីកុំ» ព្រមទាំងបន្តអនុវត្តតាមអភិក្រម «មុជទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល វះកាត់» និងពង្រីកដៃគូនៅក្រៅប្រទេស ទស្សនាកិច្ចសិក្សា ផ្លាស់ប្ដូរគ្រូ និងរៀបចំឱ្យមានកម្មសិក្សាដល់សិស្សទាំងក្នុង និងក្រៅប្រទេសថែមទៀត។
លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសាស្ត្រាចារ្យ គ្រូ បុគ្គលិកសិក្សា សិស្សនិស្សិតក្នុងវិទ្យាស្ថាន ដែលបានចូលរួមការពារសុខសន្តិភាព ស្ថិរភាពនយោបាយជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិសេសសូមកុំចូលរួមជាមួយក្រុមមួយក្តាប់តូច ដែលព្យាយាមបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា។
សូមជម្រាបថា ការចុះពិនិត្យផ្ទាល់នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រនេះ គឺជាលើកទី៣ហើយ បន្ទាប់ពីស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តកំពង់ស្ពឺ។
ការចុះតាមគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនេះ គឺធ្វើឡើងស្របពេលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងដាក់ចេញអនុសាសន៍ជំរុញឱ្យគ្រឹះស្ថានអប់រំទាំងអស់ ដែលស្ថិតក្រោមឱវាទរបស់ខ្លួន ត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រនេះ ប្រកបដោយប្រសិទ្ធភាពទៅដល់សិក្ខាកាម ដើម្បីឆ្លើយតបនឹងការរីកចម្រើនបច្ចេកវិទ្យាទំនើប ឬបដិវត្តឧស្សាហកម្ម ៤.០។
គោលបំណងនៃការចុះតាមគ្រឹះស្ថានបណ្ដុះបណ្ដាលនេះ ដើម្បីជំរុញលើកទឹកចិត្តក្នុងការអនុវត្តនូវគោលនយោបាយជាតិស្ដីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងអនុវត្តទៅតាមផែនការអាទិភាពទី២ ដែលបានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ដែលពង្រឹងបន្ថែមទៅលើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)៕