ភ្នំពេញ ៖ នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៦ ខែតុលា លោក Rumen Radev បានបញ្ជាក់ថា ប៊ុលការី ចាត់ទុកកម្ពុជាជាមិត្ត និងជាដៃគូដ៏សំខាន់នៃអាស៊ី ហើយនឹងធ្វើយ៉ាងណាឲ្យកិច្ចសហការនេះ កាន់តែរឹងមាំឡើងជាងមុន ដើម្បីជំរុញឲ្យយុវជនជំនាន់ក្រោយនេះកាន់តែយល់គ្នាទៅវិញទៅមក។
លោកប្រធានាធិបតីប៊ុលការី រ៉ូមែន រ៉ាដេវ បានគូសបញ្ជាក់ថា កម្ពុជា និងប៊ុលហ្ការី មានមិត្តភាពយូរអង្វែងមកហើយ ហើយប្រទេសទាំងពីរនឹងប្រារព្ធពិធីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ។ ប្រទេសប៊ុលហ្ការី នៅតែជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យដែលប្រទេសទាំងពីរអាចធ្វើទៅបាន។ លោកបានបង្ហាញក្តីរំពឹងថា តាមរយៈកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់ ដែលបានចុះហត្ថលេខា នឹងជួយជំរុញដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាមិនភ្លេចពីការលះបង់របស់ប្រទេសប៊ុលហ្គារី លើការជួយដល់ប្រទេសកម្ពុជាឡើយនៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ជាពិសេសក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការធ្វើយ៉ាងណាមិនឲ្យវិលត្រឡប់នៅបប ប៉ុល ពត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅពេលនោះប្រទេសប៊ុលហ្ការី បានផ្តល់ការគាំទ្រដល់កម្ពុជាក្នុងគ្រាលំបាក ហើយពេលនោះប៊ុលហ្ការី បានផ្តល់អាហារូបករណ៍ និងបណ្តុះបណ្តាលនិស្សិតកម្ពុជាសរុបប្រមាណ ២០០នាក់។ សម្តេចតេជោ បានរំលឹកថា នៅពេលនោះកម្ពុជា និងប៊ុលហ្ការី មានស្ថានទូតនៅប្រទេសទាំងពីរ គ្រាដែលបច្ចុប្បន្នប្រទេសទាំងពីរកំពុងពន្លឿនឱ្យមានស្ថានទូតរវាងប្រទេសទាំងពីរឡើងវិញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីសង្ឃឹមថា ប៊ុលហ្ការី នឹងសហការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០។ សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា ទ្វីបអាស៊ី និងអឺរ៉ុប ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៊ុលហ្ការី។ ពាក់ព័ន្ធប្រព័ន្ធអនុគ្រោះពន្ធ EBA សម្ដេចតេជោ បានស្នើឱ្យប្រទេសប៊ុហ្គារី ដែលជាសមាជិកមួយនៃសហភាពអឺរ៉ុប ជួយផ្តល់យុត្តិធម៌សម្រាប់កម្ពុជា។ សម្តេចតេជោបន្តថា បច្ចុប្បន្នដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជា មិនមានដំណើរការថយក្រោយនោះទេ។ ជាក់ស្តែងការបោះឆ្នោតឆ្នាំ២០១៨កន្លងទៅឆ្នាំ នេះបានដំណើរការបានដំណើរការទៅយ៉ាងល្អបំផុតដោយសារដែលមានគណបក្សចូលរួមច្រើន និងមានអ្នកចេញទៅបោះឆ្នោតរហូតដល់ទៅជាង៨៣ភាគរយ។ ចំពោះបញ្ហា EBA នេះ លោកប្រធានាធិបតី បានឆ្លើយតបដោយបានមានប្រសាសន៍ថា ប្រទេសប៊ុលហ្គារី គឺផ្សារភ្ជាប់នឹងទំនាក់ទំនងជាមួយប្រទេសកម្ពុជា។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប៊ុលហ្ការីជាលើកដំបូង ក្នុងពេលសម្តេចមានអាយុ២៧ឆ្នាំជាពេលធ្វើជារដ្ឋមន្ត្រីការបរទេស ហើយ៣៥ឆ្នាំក្រោយសម្តេចក៏បានបំពេញទស្សនកិច្ចជាថ្មីម្តងទៀត៕