ដកហូត hot dog ខូចគុណភាព៥គ.ក្រ.និងអំបិលគ្មានជាតិអ៊ីយ៉ូត លក់ក្នុងផ្សារអង្គតាសោម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2019 ក+ ក-

 

ខេត្តតាកែវ : នៅក្នុងការចុះត្រួតពិនិត្យមុខទំនិញ ជាប្រភេទចំណីអាហារគ្រឿងកំប៉ុង និងបន្លែបន្លាមួយចំនួន ដែលដាក់លក់នៅលើផ្សារអង្គតាសោម ស្រុកត្រាំកក់ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែតុលា ឆ្នាំ២០១៩នេះ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ បានដកហូតប្រហិត hot dog ចំនួន៥គីឡូក្រាម ដែលហួសកាលបរិច្ឆេទប្រើប្រាស់ព្រមទាំងរកឃើញអំបិលមួយចំនួនដែលក្រុមអាជីវករដាក់លក់មិនមានសាធាតុអ៊ីយ៉ូត ដែលផ្ដល់ភាពសំខាន់ដល់ការរីកលូតលាស់រាងកាយ បញ្ញាស្មារតីរបស់កុមារនិងមនុស្សគ្រប់វ័យទាំងអស់។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងឲ្យដឹងថា នៅក្នុងចុះពិនិត្យមុខទំនិញដែលដាក់លក់នៅលើផ្សារអង្គតាសោមនេះ មន្រ្តីជំនាញកាំកុងត្រូល ក៏បានធ្វើត្តេស៍បឋមទៅលើប្រភេទចំណីអាហារដូចជា បន្លែខ្ញី គ្រឿងសមុទ្រ ប្រហិត សសៃគុយទាវបាញ់កាញ់ ប៉ុន្តែរកពុំមានសារធាតុគីមីនៅលើចំណីអាហារទាំងនេះទេ ដោយឡែកការធ្វើត្តេស៍ ទៅលើអំបិល គឺពុំមានសារធាតុអ៊ីយ៉ូត ។

លោកបានបន្តថា ក្រៅតែពីធ្វើត្តេស៍បឋមទៅលើចំណីអាហារ មន្រ្តីជំនាញក៏បានពិនិត្យទៅលើប្រភេទទំនិញជាគ្រឿងកំប៉ុង នឹងប្រហិតមួយចំនួន ក្នុងនោះរកឃើញតែប្រហិតhot dog ចំនួន៥គីឡូក្រាម ដែលហួសកាលបរិច្ឆេទប្រើប្រាស់ យកមកបំផ្លាញចោល។

លោក ក៏បានធ្វើការអប់រំដល់បងប្អូនជាអាជីវករលក់ដូរក្នុងផ្សារអង្គតាសោម ត្រូវចូលរួមទាំងអស់គ្នា ដោយដាក់លក់ទំនិញដែលមានគុណភាព និងមានអនាម័យល្អ គ្មានជាតិគីមី ដើម្បីចូលរួមលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋ៕