ភ្នំពេញ ៖ រយៈពេញមួយថ្ងៃសុក្រទី១៨ ខែតុលា ឆ្នាំ២០១៩ នេះ ព្រឹទ្ធសភាកម្ពុជា បានបើកសម័យ ប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ដើម្បីពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗ ដែលត្រូវប្រើប្រាស់ចាំបាច់ ស្របតាមបរិបទនៃការវិវត្តន៍រីកចំរើនរបស់សង្គមជាតិ និងបំរើដល់ឧត្តម ប្រយោជន៍របស់ប្រជាជនកម្ពុជា។
សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា បានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង មានវត្តមានចូលរួមពីសមាជិកព្រឹទ្ធសភាចំនួន៥៧រូប។
លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្សព្រឹទ្ធសភា បានមានប្រសាស ន៍ ឱ្យដឹង នៅក្រោយកិច្ចប្រជុំនោះថា អង្គប្រជុំបានដំណើរការទៅលើរបៀបវារៈសំខាន់ៗចំនួន០៧ ដែលក្នុងនោះ សេចក្តីព្រាងច្បាប់ ស្តីពី របបសន្តិសុខសង្គមត្រូវបានពិនិត្យ និងផ្តល់យោបល់ឯក ភាព ទាំងស្រុង ព្រោះសេចក្តីព្រាងច្បាប់នេះ បង្កើតឱ្យមានរបបសន្តិសុខសង្គម ហៅថា ប.ស.ស. តាមគោលការណ៍ សាមគ្គីធម៌ និងសមធម៌សង្គម ដែលរួមមាន ផ្នែកប្រាក់សោធន ផ្នែកថែទាំ សុខ ភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គល ដែលស្ថិតក្នុងវិស័យសាធារ ណៈ បុគ្គល ដែលស្ថិតក្រោមច្បាប់ស្តីពីការងាររួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើ ក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍។
សេចក្តីព្រាងច្បាប់នេះ មាន១១ជំពូក និងចែកចេញ១០៧មាត្រា ត្រូវបានរដ្ឋសភា អនុម័តយល់ព្រម ចំនួន១០៥សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូលកាលពីថ្ងៃទី៨ខែតុលាឆ្នាំ២០១៩នាសម័យ ប្រជុំរដ្ឋសភាលើកទី៣នីតិកាលទី៦របស់ខ្លួន។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយថ្នាក់ដឹកនាំមន្ត្រី ជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ ដោយ ពន្យល់យ៉ាងលំអិត និងផលប្រយោជន៍ក្រោយពីច្បាប់នេះចេញជាធរមាន។
សូមបញ្ជាក់ថា ក្រៅពីពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ខាងលើ ព្រឹទ្ធសភា ក៏បានពិនិត្យ និងឱ្យយោបល់ទៅលើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពី បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ របស់ អង្គការហាមឃាត់អាវុធគីមី។ សេចក្តីព្រាងច្បាប់ស្តីពីសំណង់ សេចក្តីព្រាងច្បាប់ ស្តីពី ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និង សេចក្តីព្រាងច្បាប់ ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ។ ជាមួយគ្នានោះ សមាជិកព្រឹទ្ធសភា បានបោះឆ្នោតជ្រើសរើស ឯកឧត្តម ឡៅ ឆន ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ជំនួសសមាជិកដែលត្រូវ ទទួលមរណភាព៕