ប្រវត្តិ​ភ្នំពេញ​នឹងត្រូវ​លាតត្រដាង​នៅក្នុង​ពិ​ព័រ​ណ៌​ នា​ចុងខែ​កញ្ញា​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 September, 2014 ក+ ក-

ប្រវត្តិ​របស់​ក្រុងភ្នំពេញ នឹងត្រូវ​លាតត្រដាង​តាមរយៈ​ការតាំងពិព័រណ៍​មួយ​នៅ​វិទ្យាស្ថាន​បារាំង ប្រចាំ​នៅ​កម្ពុ​ជានា​ចុងខែ​កញ្ញា​នេះ​។ ជា​ពិព័រណ៍​ប្រចាំឆ្នាំ​ដើម្បី​បើក ឱកាស​ឲ្យ​ប្រជាជន​ខ្មែរ និង​បរទេស យល់​កាន់តែច្បាស់​ពី​ការកកើត និង​ការវិវឌ្ឍ​របស់​ក្រុងភ្នំពេញ ក៏ដូចជា​ជំរុញ​ពួកគេ​នាំគ្នា​គិតគូរ​បន្ថែមទៀត​ពី​ការអភិរក្ស​មរតក បេតិកភណ្ឌ​សំណង់​អគារ​ទៀតផង​។​

​ពិព័រណ៍​ពី​ក្រុងភ្នំពេញ សហការី​​ពិព័រណ៍​ដែលមាន​ចំណងជើង​ថា «​ភ្នំពេញ​! មាន​កាល​មួយ​នោះ​» នឹងត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​វិទ្យាស្ថាន​បារាំង​ប្រចាំ​ក្រុង ភ្នំពេញ នា​ថ្ងៃទី​៣០ ខែកញ្ញា ព្រមទាំង​បើកទ្វារ​ជូន​សាធារណជន​ទស្សនា​ដោយ​ឥតគិតថ្លៃ​រហូតដល់ ថ្ងៃទី​៩​វិច្ឆិកា​។​
​លោក រ៉ូ​មាំ​ង លូ​វែ​រត៍ (Romain Louvert) ប្រធាន​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​មានប្រសាសន៍​នៅក្នុង​សន្និសីទ កាសែត នា​ថ្ងៃទី​១៧​កញ្ញា​នេះ​ថា ពិព័រណ៍​នេះ​មាន​សារៈសំខាន់​ដើម្បី​ឲ្យ​ខ្មែរ​និង​បរទេស ជាពិសេស​យុវជន​កម្ពុជា និង​ស្ថាបត្យករ​វ័យ​ក្មេងជំនាន់ក្រោយ យល់​កាន់តែច្បាស់​ពី​ប្រវត្តិ និង​ការកកើត​ក្រុងភ្នំពេញ ព្រមទាំង​យល់​ពី​ទំនើបកម្ម​នៃ​រាជធានី​ក៏​ល្អឆើត​មួយ​នេះ​។ លោក​បន្តថា គេ​មិនអាច​អភិវឌ្ឍ​ក្រុង ដោយ​មិន​យល់ ឬ​ស្គា​ល់ពី​ប្រវត្តិ​របស់​ក្រុង​ច្បាស់​នោះទេ​។​
​ស្ថាបត្យកម្ម សួនច្បារ បរិស្ថាន​បៃតង និង​សំណង់​អាគារ​ចាស់ៗ ដែលជា បេតិកភណ្ឌ​របស់​ក្រុងភ្នំពេញ កំពុង​ប្រឈម​នឹង​ការអភិវឌ្ឍ​។ នេះ​ជាការ​លើកឡើង​របស់​អ្នក​ម្នាង ស៊ីសុវត្ថិ ម៉ែន ច័ន្ទ​ទេវី នាយិកា​មជ្ឈមណ្ឌល​បេតិកភណ្ឌ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែលជា​ដៃគូ​សហការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​។ អ្នក​ម្នាង មានប្រសាសន៍ថា អគារ​ចាស់ៗ និង​កន្លែង​ទាំងនោះ ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​មនុ​ស្សរស់ គឺជា​តម្លៃសង្គម តម្លៃ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ព្រមទាំង​ជា​រូបភាព​លម្អ​ក្រុង​។​
​សូមបញ្ជាក់ថា ក្នុង​រយៈពេល​១០​ថ្ងៃ​នៃ​ការ​ពិព័រណ៍ នឹងមាន​ការតាំង​បង្ហាញ ស្នាដៃ​ស្ថាបត្យកម្ម ក្រោម​ប្រធានបទ «​ផ្ទះល្វែង​ចិន​» ដែលជា​លទ្ធផល​ការប្រកួតប្រជែង​ប្រចាំ​របស់​ក្រុមនិស្សិត​ផ្នែក ស្ថាបត្យកម្ម ពី​លេខ​១​ដល់​លេខ​៣​។ លើសពីនេះ ក៏មាន​កម្មវិធី​បញ្ចាំង​ឃ្លិប​វីដេអូ​ខ្លីៗ និង​កុន​ខ្នាត​វែង​ចំនួន​៧​របស់​កម្ពុជា​និង​អន្តរជាតិ ដែល​និយាយ​រៀបរាប់​ពី​ប្រវត្តិ ស្ថានភាព និង​ការវិវឌ្ឍ​របស់​រដ្ឋធានី​លើ​ពិភពលោក​។​
​រូបថត​ស្តីពី​ប្រវត្តិ​ក្រុងភ្នំពេញ រាប់រយ​សន្លឹក ក៏​នឹង​ដាក់តាំង​បង្ហាញ​ក្នុងឱកាស​នេះ​ផងដែរ​។ រូបថត​ទាំងនោះ ត្រូវបាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ប្រមូល​ពី​ទីកន្លែង​ជាច្រើន​ដូចជា បណ្ណាល័យ​ជាតិ​និង​ប​ណ្ណា​សារ​ដ្ឋា​ន​ជាតិ អ៊ូ​ត​ទ្រឺ​ម៊ែ​រ (Outre-Mer) របស់​ប្រទេស​បារាំង មជ្ឈមណ្ឌល​បេតិកភណ្ឌ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បណ្ណាល័យ​ជាតិ ប​ណ្ណា​សា​រដ្ឋា​ន និង​សារមន្ទីរ​ជាតិ​កម្ពុជា ព្រមទាំង​រូបថត​របស់​អង្គការ Sipar ហើយ​រូបភាព​មួយចំនួនទៀត គឺជា​ការរក្សា​ទុក​រប​ស់ លោក អូ​លី​វី​យេ ដឺ ប៊ែ​រ​ណុង​៕ ប្រភព ៖ rfi

Untitled-1