ភ្នំពេញ ៖ តុលាការរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសលោក សម រង្ស៊ី ក្នុងសំណុំរឿងថ្មីមួយទៀត ជាមួយមន្ត្រីបក្សប្រឆាំង ៣នាក់ គឺលោក ហូ វ៉ាន់ និងលោក កាក់ កុម្ភារ នៅថ្ងៃទី១៨ ខែតុលា ពាក់ព័ន្ធនឹងករណីបង្ហោះសារប្រមាថលោក ហ៊ុន សែន និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានប្រកាសសាលក្រមផ្ដន្ទា ទោស លោក សម រង្ស៊ី អតីតតំណាងរាស្ត្របក្សប្រឆាំង លោក ហូ វ៉ាន់ និងអតីតសមាជិកប្រតិបត្តិបក្សសង្គ្រោះជាតិប្រចាំក្រុងភ្នំពេញ លោក កាក់ កុម្ភារ ឱ្យជាប់ពន្ធនាគារ ម្នាក់ៗ ១ឆ្នាំ ៨ខែ ពីបទផ្ដើមគំនិតក្នុងអំពើប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ជាមួយគ្នានេះដែរ នៅរសៀលថ្ងៃទី១៨ ខែតុលា ដដែលនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បាន ចេញសាលក្រមដាច់ដោយឡែកមួយផ្សេទៀត ដោយផ្តន្ទាទោសឈ្មោះ គង់ ម៉ាស់ និងឈ្មោះ វឿន គឹមលន់ ដាក់ពន្ធនាគារម្នាក់ៗ ១ឆ្នាំ ៦ខែ ពីបទប្រមាថ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយផ្អែកតាមបញ្ញតិ្តមាត្រា ៤៩៥ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ ដូចគ្នា។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បង្ហាញថា ក្រោយការចាប់ខ្លួនក្រុមឧទ្ទាមទាំងនេះ សមត្ថកិច្ច បានរកឃើញមានឯកសារសំខាន់ៗជាច្រើន ដែលទាក់ទងនឹងផែនការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិ បាល កម្ពុជា តាមបញ្ជារបស់លោក សម រង្សី។
គួរជម្រាបជូនផងដែរថា ក្នុងចំណោមជនជាប់ចោទទាំងនោះ គឺមានតែឈ្មោះ គង់ ម៉ាស់ ជាសកម្ម ជននៃអតីតគណបក្សសង្គ្រោះជាតិក្នុងខេត្តស្វាយរៀង ម្នាក់ប៉ុណ្ណោះ ដែលត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនបាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ហើយត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនា គារ ព្រៃ ស ក្រោមការចោទប្រកាន់ពីបទប្រមាថ និងបទញុះញង់ឲ្យបង្កចលាចល កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។ ចំណែក លោក សម រង្ស៊ី វិញ កំពុងជាប់បណ្ដឹងនៅតុលាការចំនួន ១៥ បទ ល្មើសហើយ ដោយក្នុងនោះ ៩សំណុំរឿង មានសាលក្រមស្ថាពរ៕