អាមេរិកកម្ទេចអតីតមូលដ្ឋានរបស់ខ្លួននៅភាគឦសានប្រទេសស៊ីរី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2019 ក+ ក-

ស៊ីរី ៖ ទីភ្នាក់ងារព័ត៌មានស៊ីរី SANA បានរាយការណ៍ថា កងកម្លាំង​យោធា​អាមេរិកបានទម្លាក់​គ្រាប់បែក​លើ​អតីត​មូលដ្ឋានទ័ព​ខ្លួន​នៅ​ប្រទេស​ស៊ី​រី ចំពេល​មានការ​ផ្លាស់ប្តូរ​ទីតាំង​កងទ័ព​អាមេរិក​ទៅកាន់​អ៊ីរ៉ាក់ ដែល​ត្រូវ​បានប្រកាស​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Mark Esper ។ ​នេះ​បើ​យោងតាមការដកស្រង់ចេញផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik​។​

ទីភ្នាក់ងារព័ត៌មានស៊ីរី SANA បានរាយការណ៍ថា កងទ័ពអាកាសអាមេរិកបានធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវ អាកាសទៅលើមូលដ្ឋានទ័ព អាល់គូឡេប (Al-Qulaib) ដែលស្ថិតក្នុងខេត្ត អាល់ហាកាស (Al-Hasakah) ភាគឦសានស៊ីរី ដែលទើបតែត្រូវបានកងទ័ពអាមេរិកបោះបង់ចោល ក្រោមការបញ្ជាឲ្យដកខ្លួនចេញពីតំបន់ភាគខាងជើងស៊ីរី នៅចំពោះមុខការបើកប្រតិបត្តិការយោធារបស់តួកគី។

ជុំវិញ​បញ្ហា​នេះ ក្រសួងការពារជាតិអាមេរិក មិនបានចេញមុខបកស្រាយជុំវិញព័ត៌មានខាងលើ ការទម្លាក់គ្រាប់បែកលើអតីតមូលដ្ឋានទ័ព ដែលត្រូវបានបោះបង់ចោលបែបនេះ អាចជាវិធានការរបស់អាមេរិក ដើម្បីបង្ការកុំឲ្យបរិក្ខាយោធាដែលបន្សល់ទុកនៅទីនោះ ធ្លាក់ទៅក្នុងដៃកងទ័ពស៊ីរី ឬមួយក៏រុស្ស៊ី។

សូមជម្រាបថា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការដកទ័ពចេញពីភាគខាងជើងស៊ីរី មុនតែប៉ុន្មានថ្ងៃប៉ុណ្ណោះនៃការចាប់ផ្តើម បើកប្រតិបត្តិការយោធារបស់តួកគី៕