អេហ្ស៊ីប ៖ មឈូសបុរាណចំនួន៣០ ដែលមានអាយុកាលជាង ៣,០០០ឆ្នាំ និងមានតុបតែងដោយក្បូរក្បាច់ និងពណ៌ចំរុះនោះ ត្រូវបានរកឃើញនៅទីក្រុង លូហ្ស័រ (Luxor) ភាគខាងត្បូងប្រទេសអេហ្ស៊ីប ស្ថិតនៅបណ្តោយច្រាំងទន្លេនីល (Nile) ទល់មុខប្រាសាទបុរាណ ហាត់សេពស៊ូត (Hatshepsut) នៃអតីតព្រះមហាក្សត្រអេហ្ស៊ីប។ នេះបើតាមសារព័ត៌មាន CNN។
យោងតាមរដ្ឋលេខាធិការវត្ថុបុរាណលោក Mostafa Waziri ឲ្យដឹងថា នេះគឺជាការរកឃើញធំបំផុតក្នុងប្រទេសអេហ្ស៊ីបអស់រយៈពេលជាង១សតវត្ស ដោយអ្នកជំនាញអេហ្ស៊ីបផ្ទាល់។ មឈូសឈើទាំងនេះ ត្រូវបានបើកបង្ហាញនៅពីមុខប្រាសាទ Hatshepsut ដែលផ្ទុកទៅដោយខ្មោចម៉ាំមីអាយុកាលជាង ៣ ០០០ឆ្នាំ។ ក្នុងចំណោមខ្មោចទាំងអស់ ក្នុងនោះមានទាំងប្រុស ស្រីនិងក្មេងៗ២នាក់ ដែលគេជឿថាមកពីគ្រួសារថ្នាក់កណ្ដាល។
បើទោះបីជាខ្មោចម៉ាំមី ត្រូវបានរុំដោយក្រណាត់ក្ដី គេអាចកំណត់ភេទរបស់ពួកគេបានតាមរយៈទម្រង់ដៃនៅក្នុងមឈូស។ ប្រសិនបើដៃលាត មានន័យថា ជានារី ហើយប្រសិនបើដៃក្ដាប់ចូលគ្នា នោះគឺជាបុរស។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៀត គឺមឈូសទាំងអស់ត្រូវបានរក្សារូបរាងយ៉ាងល្អ និងនៅរក្សាពណ៌បានល្អថែមទៀតផង បើទោះបីជាត្រូវបានកប់អស់រយៈពេលរាប់ពាន់ឆ្នាំក៏ដោយក្ដី។
ជាមួយគ្នាដែរ ការរកឃើញខ្មោចម៉ាំមីកូនក្មេង គឺជារឿងដែលកម្របំផុត ហើយពិភពលោកកំពុងចាប់អារម្មណ៍ខ្លាំងចំពោះក្មេងទាំងពីដែលទើបរកឃើញនេះ៕