ភ្នំពេញ ៖ ក្រុមហ៊ុនធានារ៉ាប់រង AIA លើកទឹកចិត្តដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ និងពិនិត្យព្យាបាលសុខភាពឲ្យបានទៀងទាត់ ដើម្បីធានាកាត់បន្ថយការចំណាយនៅពេលជំងឺកាន់តែធ្ងន់ធ្ងរ។ ការលើកទឹកចិត្តនេះធ្វើឡើង គ្រាដែលAIA បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង១០០០នាក់ដោយឥតគិតថ្លៃនៅសាខាទើបបើកថ្មីរបស់ខ្លួន នៅខេត្តសៀមរាប។
ប្រជាពលរដ្ឋនៅជនបទមួយចំនួន មិនសូវខ្វល់ខ្វាយចំពោះបញ្ហាសុខភាព ដូចជាពិនិត្យសុខភាពនោះទេ ដោយសារគាត់រវល់ផង គួបផ្សំនឹងកង្វះថវិកាផង ជាមូលហេតុដែលនាំឲ្យគាត់មិនសូវយកចិត្តទុកដាក់សុខភាព។ ពលរដ្ឋខ្លះទៅព្យាបាលជំងឺ ទាល់តែជំងឺមានសភាពធ្ងន់ធ្ងរ ទើបបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល។ ដោយមើលឃើញពីការលំបាករបស់ពលរដ្ឋនៅមូលដ្ឋាន ក្រុមហ៊ុនធានារ៉ាប់រង AIA បានចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ដោយឥតគិតថ្លៃ ដើម្បីចូលរួមរំលែកការលំបាករបស់ ពលរដ្ឋ កាត់បន្ថយការចំណាយផងដែរ។ ប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃផង ដែលបាននិមន្ត និងអញ្ជើញពិនិត្យព្យាបាល ត្រេកអរ ដែលបានគ្រូពេទ្យចុះ ពិនិត្យព្យាបាលដោយឥតគិតថ្លៃ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA នឹងយុទ្ធនាការសៀមរាប ក្រហមរយៈពេលមួយខែ ដែលនឹងផ្តល់ជូនការពិនិត្យព្យាបាលសុខភាពលើ ស្ថានភាពតម្រងនោម និងលំពែងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២០ ខែតុលា តទៅ នៅសាខាអេអាយអេ ខេមបូឌា ប្រចាំខេត្តសៀមរាប៕