ហ្សីមបាបវ៉េ ៖ អាជ្ញាធរនៃឧទ្យានជាតិហ្សីមបាបវ៉េ លោក Tinashe Farawo បាននិយាយថា យ៉ាងហោចណាស់មានសត្វដំរីចំនួន៥៥ក្បាលបានងាប់នៅក្នុងឧទ្យានជាតិ Hwange National Park របស់ប្រទេសហ្សីមបាបវ៉េក្នុងរយៈពេលជាង២ខែកន្លងមកនេះចំពេលមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ នេះបើយោងតាមប្រភពពី BBC។
លោក Tinashe Farawo បានថ្លែងថា ៖ «ស្ថានភាពគឺធ្ងន់ធ្ងរណាស់។ “ សត្វដំរីកំពុងងាប់ដោយសារភាពអត់ឃ្លានហើយនេះគឺជាបញ្ហាធំ”។ គ្រោះរាំងស្ងួតបានកាត់បន្ថយកម្រិតដំណាំយ៉ាងច្រើននៅហ្សីមបាបវ៉េ។
មួយភាគបីនៃប្រជាជនត្រូវបានគេរាយការណ៍ថាកំពុងត្រូវការជំនួយស្បៀងអាហារក្នុងពេលមានវិបត្តិសេដ្ឋកិច្ចកំពុងបន្ត។ នៅក្នុងខែសីហារបាយការណ៍របស់កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថាប្រជាជន ២ លាននាក់កំពុងប្រឈមនឹងហានិភ័យនៃភាពអត់ឃ្លាននៅក្នុងប្រទេស។
អាជ្ញាធរហ្ស៊ីមបាបវ៉េ ឧទ្យានជាតិ Hwange National Park បានបញ្ជាក់ថា មានសត្វដំរីជាង ៥០,០០០ក្បាល ប៉ុន្តែឧទ្យានមួយនេះអាចដោះស្រាយបញ្ហាសត្វដីរីបានតែ១៥,០០០ក្បាលប៉ុណ្ណោះ។ លោក Farawo បានបន្ថែមថា ឧទ្យាននេះមិនបានទទួលថវិកាពីរដ្ឋាភិបាល ហើយបាននិងកំពុងព្យាយាមខួងអណ្តូងទឹកប៉ុន្តែខ្វះថវិកា៕