អាមេរិក ៖ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃច័ន្ទ ថាប្រធានាធិបតីអាមេរិក Donald Trump បានត្រៀមលក្ខណៈពេញលេញដើម្បីធ្វើសកម្មភាពយោធាប្រឆាំងនឹងប្រទេសតួកគី ប្រសិនបើមានការចាំបាច់។ នេះបើយោងតាមប្រភពពី Sputniknews។
លោក Mike Pompeo បានថ្លែងប្រាប់ទូរទស្សន៍ CNBC ថា យើងចូលចិត្តសន្តិភាព ប៉ុន្តែបើសិនជាការប្រើប្រាស់កម្លាំងយោធាគឺជារឿងចាំបាច់បំផុត អ្នកទាំងអស់គ្នាប្រាកដជាដឹងថា លោកប្រធានាធិបតី Trump បានត្រៀមលក្ខណៈរួចជាស្រេច។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិករូបនេះ បានបដិសេធមិនបង្ហាញខ្សែបន្ទាត់ក្រហមដែលនឹងជំរុញឲ្យអាមេរិក ប្រើប្រាស់កម្លាំងយោធាប្រឆាំងតួកគី ស្ថិតនៅក្នុងកម្រិតណានោះទេ ដ្បិតទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ាសុទ្ធតែជាសមាជិកអង្គការ NATO។ NATO បានចែងយ៉ាងច្បាស់ថា ការវាយប្រហារលើសមាជិកណាមួយ គឺជាការវាយប្រហារលើអង្គការ NATO ទាំងមូល ហើយតម្រូវឲ្យប្រទេសជាសមាជិកទាំងអស់ ចាត់វិធានការឆ្លើយតប៕