ស៊ីរី ៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានគាំទ្រការចុះអនុស្សរណៈមួយដែលបានធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេ។
ក្រឹមឡាំងបានិយាយថា លោក Putin បានជូនដំណឹងដល់លោក Assad តាមទូរស័ព្ទអំពីបទប្បញ្ញត្តិនៃអនុស្សរណៈរុស្ស៊ី-តួកគីស្តីពីសកម្មភាពនៅក្នុងប្រទេសស៊ីរីបន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Erdogan ។ លោកបាននិយាយថាភារកិច្ចចម្បងគឺដើម្បីស្តារឡើងវិញនូវបូរណភាពទឹកដីនៃប្រទេសស៊ីរីនិងដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់ការដោះស្រាយស្ថានភាពនយោបាយរួមទាំងការងារនៅក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការធម្មនុញ្ញ។
ជាការឆ្លើយតបលោក Assad បានអរគុណលោក Putin និងបានបង្ហាញ ការគាំទ្រពេញទំហឹងចំពោះលទ្ធផលនេះ។ លោកបានបន្តថា ឆ្មាំព្រំដែនស៊ីរីបានត្រៀមនឹងចូលទៅក្បែរព្រំប្រទល់តួកគី-ស៊ីរី ជាប់ទីតាំងធ្វើប្រតិបត្តិការយោធារបស់តួកគី ដើម្បីជួយសម្របសម្រួលដល់ការដកខ្លួនចេញ របស់កងកម្លាំងឃើដ និងសព្វាវុធរបស់ពួកគេ ដែលអាចត្រូវចំណាយពេលជិតមួយសប្តាហ៍។ បន្ទាប់ពីមកទៀតការល្បាតរួមគ្នារវាងរុស្ស៊ី និងតួកគី នឹងចាប់ផ្តើមឡើងនៅភាគខាងលិច និងភាគខាងកើតនៃតំបន់ប្រតិបត្តិការយោធារបស់តួកគី។
គួរជម្រាបថា កាលពីថ្ងៃទី០៩ ខែតុលា តួកគីបានបើកប្រតិបត្តិការយោធានៅភាគខាងជើងស៊ីរី ជាប់ព្រំដែនភាគខាងត្បូងតួកគី ក្រោមគោលដៅវាយកម្ទេចកងកម្លាំងឃើដ ដែលទីក្រុងអង់ការ៉ាចាត់ទុកថា ក្រុមភេរវករ៕