ខេត្តព្រះសីហនុ ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ឲ្យដឹងថា ថាមពលអគ្គិសនីដើរដោយធ្យូងថ្មមានអនុភាព១៣៥មេហ្គាវ៉ាត និងដាក់ដំណើរការនៅអំឡុងខែវិច្ឆិកាខាងមុខ។
ការថ្លែងបែបនោះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី រួមជាមួយនឹងថ្នាក់ដឹកនាំក្រសួងមន្ត្រីជំនាញ បានចុះពិនិត្យទីតាំងរោងចក្រ គម្រោងវិនិយោគបន្ថែមម៉ាស៊ីនអគ្គិសនី ដំណើរការដោយធ្យូងថ្មដែលមានអនុភាព ១៣៥ មេហ្គាវ៉ាត់របស់ក្រុមហ៊ុនCambodian Energyll Co.,Ltd(CEL) នៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។ ចំពោះទីតាំងស្ថិតនៅក្នុងស្រុកស្ទឹងហាវខេត្តព្រះសីហនុ។
លោក ស៊ុយ សែម បាន បញ្ជាក់បន្ថែមថា ក្រោយពីស្ដាប់ ការលើកឡើងរបស់ក្រុមហ៊ុន ក្នុងការ កសាងនិង វិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដំណើរការដឹកធ្យូងថ្មដែលមានអនុភាព ១៣៥ មេហ្គាវ៉ាត់នៅខេត្តព្រះសីហនុនេះគម្រោងនេះគឺសាងសង់ ធ្វើម្ចាស់ដំណើរការ(BOO) ដែលមានទុនវិនិយោគ សរុបចំនួន ២៥៩.៩ លានដុល្លារអាមេរិច អត្រាការប្រាក់ហិរញ្ញប្បទានសម្រាប់គម្រោងនេះគឺ ៦.៥% និងរយៈពេលសងបំណុល ១៥ឆ្នាំ ហើយរយៈពេលសម្បទាន ៣០ឆ្នាំ សម្រាប់ធ្វើអាជីវកម្មនឹងសាងសង់រួចរាល់និងដាក់ឱ្យដំណើរការយ៉ាងយូរ គិតត្រឹមថ្ងៃទី ១៥ខែវិច្ឆិកាឆ្នាំ ២០១៩។ មកដល់បច្ចុប្បន្ននេះ គម្រោងសាងសង់ របស់ក្រុមហ៊ុន សម្រេចបានប្រមាណជា ៨០ ភាគរយនៃផែនការគម្រោង៕