អង់គ្លេស​ស្នើ​ឲ្យ​មានការបោះឆ្នោត​មុនពេល​កំណត់ ដើម្បីដោះស្រាយ​វិបត្តិ Brexit ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2019 ក+ ក-

​អង់គ្លេសនាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានស្នើ​ឲ្យ​មាន​ដំណោះស្រាយ​វិបត្តិ Brexit តាមរយៈ​ការបោះឆ្នោត​មុនពេល​កំណត់​មួយ​នៅ​ថ្ងៃទី​១២​ខែធ្នូ​ដែល​នឹង​អាចជួយ​ឲ្យ​ចក្រភព​អង់គ្លេស​អាច​រក​ផ្លូវ​ចេញពី​សហភាព​អឺរ៉ុប​បាន​។​

​សំណើ​របស់​មេដឹកនាំ​គណបក្ស​អភិរក្ស​រូបនេះ​បានធ្វើ​ឡើងខណៈ​គណបក្ស​របស់លោក​កំពុង​នាំមុខ​ការស្ទង់មតិ​ហើយ​គណបក្សប្រឆាំង​កំពុង​ខ្វែងគំនិត​គ្នា​អំពី​ថា​តើ​ត្រូវ​គាំទ្រ​ការបោះឆ្នោត​ជាបន្ទាន់​មួយ​ឬ​ត្រូវ​ស្វែងរក​ការធ្វើប្រជាមតិ​អំពី​សមាជិកភាព​ថ្មី​របស់​សហភាព​អ៊ឺរ៉ុប​។​

​រដ្ឋាភិបាល​បាន​និយាយថា សភា​នឹង​មានឱកាស​មួយ​ក្នុង​ការជជែក​វែកញែក​និង​អនុម័ត​សំណើ​បោះឆ្នោត​នៅ​ថ្ងៃ​ចន្ទ​បន្ទាប់ពី​ទីក្រុង​ប្រ៊ូ​ស​សែ​ល​ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រកាស​អំពី​រយៈពេល​នៃ​ការពន្យា​ពេល​ថ្មី​។ ប៉ុន្តែ​សមាជិកសភា​គណបក្សប្រឆាំង​បាន​ច្រានចោល​សំណើ​បោះឆ្នោត​មុនពេល​កំណត់​កាលពី​ពីរលើក​មុន​របស់លោក Johnson ហើយ​នាពេល​ឥឡូវនេះ​មិនបាន​បង្ហាញ​សញ្ញា​ច្បាស់លាស់​អំពី​ឆន្ទៈ​ក្នុង​ការគាំទ្រ​ទេ​។​

​លោក Johnson បាន​ប្រាប់​គូប្រជែង​នយោបាយ​របស់លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​បើក​ការពិភាក្សា​ឡើងវិញ​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​នៃ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​ប្រសិនបើ​សភា​អាច​ទទួលយក​សំណើ​របស់លោក​។ លោក​បាន​ទាញយក​ផែនការ​នេះ​បន្ទាប់ពី​សមាជិកសភា​បាន​បដិសេធ​កាលពី​ថ្ងៃ​អង្គារ​ក្នុង​ការជំរុញ​ឲ្យ​បាន​ទាន់ពេលវេលា​សម្រាប់​លោក​ដើម្បី​បំពេញ​តាម​ការសន្យា​ផ្តល់ Brexit ឲ្យ​ទាន់ពេលវេលា​។​

​លោក Johnson បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ឥឡូវនេះ​វា​ជា​កាតព្វកិច្ច​របស់​យើង​ដើម្បី​បញ្ចប់​សុ​បិ​ន្ត​អាក្រក់​នេះហើយ​ផ្តល់​ឲ្យ​ប្រទេស​នូវ​ដំណោះស្រាយ​៕