ស៊ីរី ៖ រុស្ស៊ីបានចាប់ផ្ដើមដាក់ពង្រាយយោធា នៅតំបន់ព្រំដែនភាគខាងជើងប្រទេសស៊ីរី ដើម្បីអនុវត្តន៍ភ្លាមៗនូវកិច្ចព្រមព្រៀងជាមួយតួកគី ដែលនឹងបែងចែកការគ្រប់គ្រងតំបន់ភាគឦសានប្រទេសស៊ីរី។
ជាមួយគ្នានោះដែរវិមានក្រឹមឡាំង ក៏បានព្រមានឲ្យ ក្រុមសកម្មប្រយុទ្ធឃើតឲ្យដកទ័ពចេញពីសមរភូមិមុខ បើពុំដូច្នោះទេនឹងប្រឈមជាមួយនឹងការរុលចូលរបស់កងកម្លាំងតួកគី។ បញ្ហានេះប្រធានាធិបតីលោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងដកចេញទណ្ឌកម្ម ដែលបានដាក់ទៅលើប្រទេសតួកគីកាលពីរយៈពេល ៩ថ្ងៃមុន ពាក់ព័ន្ធនឹងការឈ្លានពានរបស់ពួកគេ ទៅលើក្រុមសកម្មប្រយុទ្ធឃើតនៅភាគខាងជើងស៊ីរី។
គួរបញ្ជាក់ថា តួកគី បានបញ្ជាឲ្យមានប្រតិបត្តិការ ប្រឆាំងនឹងក្រុមជីវពលរបស់អង្គភាពការពារប្រជាជនឃើត ដែលពួកគេចាត់ទុកថាជាអង្គការភេរវកម្មកាលពីថ្ងៃទី៩ ខែតុលាកន្លងទៅ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពេល ការដកទ័ពរបស់សហរដ្ឋអាមេរិកត្រូវបានប្រកាស ឲ្យដឹងដោយលោក Trump៕