អាមេរិក ៖ សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបង្កើនវត្តមានយោធារបស់ខ្លួនដើម្បីការពារអណ្តូងប្រេងនៅភាគឦសានប្រទេសស៊ីរីនៅពេលកងកម្លាំងឃើដបានបោះបង់ចោលទីតាំងជាច្រើនដើម្បីគោរពតាមកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឲ្យរដ្ឋាភិបាលក្រុងដាម៉ាស អង់ការ៉ានិងមូស្គូបង្កើតតំបន់ស្វយ័តមួយ។
មន្ត្រីមន្ទីរបញ្ចកោណបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិកបានប្តេជ្ញាពង្រឹងជំហររបស់យើងដោយមានការសម្របសម្រួលជាមួយដៃគូ SDF (កងកម្លាំងប្រជាធិបតេយ្យស៊ីរី) របស់យើងនៅភាគឦសានប្រទេសស៊ីរីជាមួយនឹងកម្លាំងយោធាបន្ថែមទៀតដើម្បីការពារតំបន់ប្រេងទាំងនោះពីការធ្លាក់ចូលទៅក្នុងដៃរបស់ក្រុម ISIS ឬអ្នកបង្ករឿងផ្សេងទៀត”។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីរូបនេះមិនបានផ្តល់តួលេខណាមួយឬបញ្ជាក់អំពីរបាយការណ៍ដែលថាកងកម្លាំងរបស់អាមេរិកនឹងស្ថិតនៅតាមតំបន់ប្រេងដែលធ្លាប់ផ្តល់ជាមូលនិធិដល់ “រដ្ឋ Caliphate” របស់ក្រុមរដ្ឋឥស្លាមទេ។ ការប្រកាសនេះបានធ្វើឡើងនៅពេលកងកម្លាំងរុស្ស៊ីចាប់ផ្តើមល្បាតនៅតាមព្រំដែនស៊ីរី-ទួរគីដើម្បីបំពេញផ្នែកទំនេរដែលបន្សល់ទុកដោយការដកកងទ័ពរបស់សហរដ្ឋអាមេរិក។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការល្បាតនេះគឺគ្របដណ្តប់លើផ្ទៃដីជាង៦០គីឡូម៉ែត្រចន្លោះទីប្រជុំជន Qamishli និង Amuda។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានរាយការណ៍ថា SDF ដែលដឹកនាំដោយជនជាតិឃើដបានដកចេញពីតំបន់មួយចំនួននៅចុងភាគខាងកើតនៃព្រំដែនកាលពីថ្ងៃព្រហស្បតិ៍។
ប្រមុខក្រុមអង្កេតការណ៍លោក Rami Abdel Rahman បាននិយាយថា ក្រុមអ្នកប្រយុទ្ធមកពីអង្គភាពការពារប្រជាជនឃើដ (YPG) ដែលជាសមាសធាតុដ៏សំខាន់របស់ SDF នៅតែស្ថិតក្នុងទីតាំងជាច្រើននៅតាមបណ្តោយព្រំដែនប្រវែង៤៤០គីឡូម៉ែត្រ៕