ភ្នំពេញ ៖ ប្រធានាធិបតីនៃប្រទេស ហុងគ្រី លោក យ៉ាណូស អាឌ័រ និងភរិយា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតីហុងគ្រី នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះបរមរាជវាំង និងចូលជួបសម្តែងការគួរសមជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស ក៏បានឲ្យដឹងផងដែរថា នេះគឺជាទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតីហុងគ្រី ដែលបានអញ្ជើញមកប្រទេសកម្ពុជា ហើយនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ហុងគ្រី ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើននូវវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕