ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៥ ខែតុលា នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការដកហូតសិទ្ធិវិនិយោគពីក្រុមហ៊ុន ស៊ីនទ្រី ជារឿងចាំ បាច់ដែលត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហាសំរាមនៅក្រុងភ្នំពេញ។ សម្តេចតេជោ អះអាងថា ចាប់ពី ខែមករា ឆ្នាំ២០២០ នឹងលែងមានការបង់ថ្លៃសំរាមដោយភ្ជាប់ជាមួយវិក្កយបត្រ អគ្គិសនីទៀត ហើយ។
ការបង់ថ្លៃសំរាមជាមួយនឹងវិក្កយបត្រអគ្គិសនី បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំមិនពេញចិត្ត ត្បិតកន្លែងខ្លះ គ្មានការប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រី ទេ តែប្រជាពលរដ្ឋត្រូវជាប់កាតព្វបង់ថ្លៃ សំរាមជាមួយនឹងវិក្កយបត្រភ្លើងដែលបានប្រើប្រាស់។ ប្រជាពលរដ្ឋសាទរចំពោះចំណាត់ការ របស់ រាជរដ្ឋាភិបាល ក្នុងការដកការបង់ថ្លៃសំរាមជាមួយនឹងអគ្គិសនីកម្ពុជា។តាមសម្តេចតេជោ រាជរដ្ឋា ភិបាលនឹងលែងឲ្យមានការបង់ថ្លៃសំរាមជាមួយនឹងវិក័យបត្រអគ្គិសនី នឹងចាប់ផ្តើមអនុវត្តចាប់ពី ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។
សម្តេចតេជោ បានថ្លែងសង្កត់ធ្ងន់ថា ការដកហូតសិទ្ធិវិនិយោគ ពីក្រុមហ៊ុន ស៊ីនទ្រី ជារឿងចាំបាច់ដែលត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហាសំរាមនៅក្រុងភ្នំពេញ ដោយ សម្តេចមិនអង្គុយបក់ផ្សែងរង់ចាំដោះស្រាយបញ្ហាទៀតទេ។ រាល់សម្ភារៈ រថយន្ត ធនធានមនុស្ស កម្មកររបស់ស៊ីនទ្រី នឹងត្រូវរដ្ឋប្រមូលយកគ្រប់គ្រងទាំងអស់ ដោយមិនឲ្យ ស៊ីនទ្រី ខាតបង់នោះ ទេ ។ នៅពេលរដ្ឋគ្រប់គ្រងបានល្អប្រសើរហើយ នោះរដ្ឋនឹង ដាក់ឲ្យក្រុមហ៊ុនចំនួន ៣ទៅ៤ ដើម្បីដាក់ ឲ្យដេញថ្លៃប្រកបដោយតម្លាភាព រាប់ទាំងស៊ីនទ្រី ក៏អាចចូលរួមដេញថ្លៃបានដែរ។ យន្តការថ្មីនេះ ក៏អាចជួយបង្កើត ការងារជូនកម្មករជាច្រើននាក់បន្ថែមទៀតផងដែរ។ នេះបើតាមសម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានប្រគល់ភារកិច្ចទៅក្រសួងរ៉ែ និងថាមពល ដើម្បីសិក្សារៀបចំ លក្ខ ខណ្ឌ ក្នុងការឈានទៅធ្វើការដេញថ្លៃ រកដៃគូឯកជនសាងសង់ និងដំណើរការរោងចក្រកែច្នៃ សំរាម ផលិតជាថាមពលអគ្គិសនី នៅទីលានចាក់សំរាមរាជធានីភ្នំពេញ ប៉ុន្តែត្រូវហាមឃាត់ ការនាំ ចូលសំរាមពីបរទេសមកប្រើប្រាស់។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល ផ្តល់សិទ្ធិដល់ស៊ីនទ្រី ដើម្បីវិនិយោគលើការប្រមូលសំរាមនៅរាជធានី ភ្នំពេញជាង ២០ឆ្នាំមកហើយ កាលនោះនៅរាជធានីភ្នំពេញ មានសំរាមត្រឹម ៣០០ទៅ ៤០០តោន ប៉ុណ្ណោះ ស្របពេលដែលផ្ទៃដីក្នុងរាជ ធានីភ្នំពេញមានត្រឹម៣០០គីឡូម៉ែត្រក្រឡា។ បច្ចុប្បន្នសំរាម នៅភ្នំពេញ បាន កើនឡើងដល់ទៅ៣០០០ទៅ៤០០០តោនក្នុងមួយថ្ងៃ ហើយវិសាលភាពនៃ ក្រុង ភ្នំពេញមានរហូតដល់ជាង៦០០គីឡូម៉ែត្រក្រឡា៕