អាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាមេដឹកនាំរបស់ក្រុមរដ្ឋអ៊ីស្លាម(IS)លោក Abu Bakr al-Baghdadi បានស្លាប់ក្នុងអំឡុងពេលប្រតិបត្តិការយោធាអាមេរិកនៅភាគពាយព្យនៃប្រទេសស៊ីរី។ នេះបើយោងតាមប្រភពពី BBC។
ថ្លែងចេញពីសេតវិមានលោក Trump បាននិយាយថា Baghdadi បានស្លាប់ហើយ ដែលជាការបំពេញនូវអាទិភាពផ្នែកសន្តិសុខជាតិ កំពូលនៃរដ្ឋបាលរបស់លោក។ លោកបាននិយាយថា គ្មានបុគ្គលិកអាមេរិកណាម្នាក់ត្រូវបានបាត់បង់ នៅក្នុងបេសកកម្មនោះទេ។ Baghdadi បានធ្វើជាមេកើយនៃក្រុមជីហាដជាសកលរបស់ក្រុមរដ្ឋអ៊ីស្លាម ហើយបានក្លាយជាមនុស្សដែលពិភពលោក តាមប្រមាញ់ខ្លាំងជាងគេបំផុត។
ការប្រកាសនេះធ្វើឡើង ខណៈដែលលោក Trump បានទទួលរងការរិះគន់ទាំងក្រៅ និងនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមានការដកកងទ័ពអាមេរិកពីភាគឦសានប្រទេសស៊ីរី។
លោក Trump បាននិយាយថា គេបានស្លាប់ បន្ទាប់ពីបានរត់ចូលរូងទាល់ក្រោមដី ដោយមានសំឡេងស្រែកទ្រហោយំ និងស្រែកយ៉ាងខ្លាំង“។ លោកបានបន្ថែមទៀតថា កូនៗ ៣នាក់របស់ Baghdadi ក៏ត្រូវបានសម្លាប់នៅក្នុងការផ្ទុះនោះដែរ។ លោក Trump បាននិយាយថា ការវាយឆ្មក់ដែលមានការចូលរួមពីឧទ្ធម្ភាគចក្រចំនួន ៨គ្រឿង ដែលហោះហើរជាង ១ម៉ោងពីមូលដ្ឋានដែលមិនបានបង្ហាញ ត្រូវបានអនុវត្តដោយមានកិច្ចសហប្រតិបត្តិការពីប្រទេសរុស្ស៊ី, ស៊ីរី, ទួរគី និងអ៊ីរ៉ាក់។ លោកក៏បានថ្លែងអំណរគុណដល់ជនជាតិឃើតស៊ីរីផងដែរ ចំពោះការគាំទ្រច្បាស់លាស់មួយដែលពួកគេអាចផ្តល់ឲ្យយើង៕