មនុស្ស១៨ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះដោយសារភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2019 ក+ ក-

អាមេរិកអភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom បានប្រកាសដាក់រដ្ឋគ្រាអាសន្ន ខណៈភ្លើងឆេះព្រៃដ៏ធំបណ្ដាលមកពីខ្យល់បក់ខ្លាំង ដែលបានបង្ខំឱ្យមានការជម្លៀសមនុស្ស និងការដាច់ចរន្តអគ្គិសនីដ៏ធំ ដោយគំរាមកំហែងដល់ទីក្រុងទេសចរណ៍នានាក្នុងតំបន់ស្រាទំពាំងបាយជូរ Sonoma ដ៏ល្បីល្បាញរបស់រដ្ឋមួយនេះ។


ក្រុមអាជ្ញាធរពន្លត់អគ្គិភ័យរដ្ឋបាននិយាយថា ភ្លើងដែលត្រូវបានគេហៅឈ្មោះថា ភ្លើងឆេះ Kincade នៅភាគខាងជើងនៃទីក្រុង San Francisco បានឆេះរាលដាលបំផ្លាញព្រៃឈើចំនួន ១២.០០០ហិកតាទាំងយប់អធ្រាត្រ ដោយពន្លត់បានតែ ១០% ប៉ុណ្ណោះនៅរសៀលថ្ងៃអាទិត្យ។
ការឆាបឆេះដែលជាភ្លើងឆេះព្រៃដ៏ធំបំផុត ក្នុងចំណោមភ្លើងឆេះព្រៃរាប់សិបកន្លែងកំពុងឆេះពាសពេញរដ្ឋនេះ បានបំផ្លាញលំនៅឋានរាប់សិបកន្លែង និងកន្លែងស្តុកស្រាទំពាងបាយជូរជាច្រើន រួមទាំងរោងចក្រផលិតស្រាទំពាំងបាយជូរ Soda Rock Winery ដែលត្រូវបានសាងសង់ក្នុងឆ្នាំ១៨៦៩។
សូមជម្រាបការឆេះព្រៃនេះបានបណ្ដាលឲ្យមនុស្សប្រមាណ ១៨០.០០០នាក់ស្ថិតនៅក្រោមការបញ្ជាជម្លៀសជាចាំបាច់ រួមទាំងផ្នែកខ្លះនៃទីក្រុង Santa Rosa និងមួយភាគធំនៃតំបន់ Sonoma រហូតដល់មហាសមុទ្រប៉ាស៊ីហ្វិក៕